គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅភាគឦសាននៃប្រទេសអ៊ុយក្រែន ហើយបានថ្លែងថា វាលឿនពេកហើយក្នុងការនិយាយថា ជំនោរនៃសង្រ្គាមបានវិលត្រឡប់មកវិញនោះ បើទោះបីជាកងកម្លាំងរបស់លោកទទួលបានទឹកដីយ៉ាងឆាប់រហ័សក្នុងខែនេះក៏ដោយ ។
មេដឹកនាំអ៊ុយក្រែនក៏បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយថា លទ្ធផលនៃសង្គ្រាមជាមួយរុស្ស៊ី ឥឡូវនេះក្នុងខែទី៧របស់ខ្លួនបានជាប់គាំងលើការបញ្ជូនអាវុធបរទេសយ៉ាងលឿនទៅកាន់ប្រទេសរបស់លោក ។
គាត់បានប្រៀបធៀបស្ថានភាពនៅក្នុងតំបន់រំដោះថ្មីនៃភាគឦសាន “ទៅនឹងល្ខោនខោលបង្ហូរឈាមបន្ទាប់ពីតំបន់ Bucha” ដែលជាទីក្រុងនៅជិតទីក្រុង គៀវ ជាកន្លែងដែលគាត់បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមជាច្រើននៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម ។ ក្រុងម៉ូស្គូបានបដិសេធចំពោះការចោទប្រកាន់នេះ ។
លោក Zelenskyy បានថ្លែងថា “គិតត្រឹមថ្ងៃនេះ មានមនុស្សស្លាប់ចំនួន៤៥០នាក់ត្រូវបានកប់ (នៅតំបន់ Kharkiv ភាគឦសាន)។ ប៉ុន្តែមានកន្លែងផ្សេងទៀត កន្លែងបញ្ចុះសពដាច់ដោយឡែកពីគ្នារបស់មនុស្សជាច្រើន ។ បានធ្វើទារុណកម្មមនុស្ស ។ គ្រួសារទាំងមូលនៅក្នុងទឹកដីមួយចំនួន” ។
នៅគ្រាដែលមានការចោទសួរ ថាតើ មានភ័ស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមឬអត់ គាត់បានថ្លែងថា “ទាំងអស់នេះគឺនៅទីនោះ… មានភស្តុតាងខ្លះ ហើយការវាយតម្លៃកំពុងត្រូវបានធ្វើឡើង អ៊ុយក្រែន និងអន្តរជាតិ ហើយនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង សម្រាប់ពិភពលោកក្នុងការទទួលស្គាល់រឿងនេះ” ។
វិមានក្រឹមឡាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការចោទប្រកាន់ថ្មីរបស់លោក Zelenskyy នោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា