ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន ថ្លែងថា កងកម្លាំងអាមេរិក នឹងការពារកោះតៃវ៉ាន់ ឲ្យបានចំពោះព្រឹត្តិការណ៍ ឈ្លានពានរបស់ចិន 

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ប្រទេសចិន ដែលជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោក រហូតមកដល់ពេលនេះ អំពីបញ្ហានេះ ដែលប្រាកដថា នឹងធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារ ។

នៅគ្រាដែលមានការចោទសួរ នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី CBS 60 Minutes ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ  ថាតើ កងកម្លាំងរបស់សហរដ្ឋអាមេរិក នឹងការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងដែលទាមទារដោយប្រទេសចិន ឬអត់នោះ គាត់បានឆ្លើយថា “បាទ ប្រសិនបើការពិតមានការវាយប្រហារដែលមិនធ្លាប់មានពីមុនមក” ។

នៅពេលត្រូវបានចោទសួរដើម្បីបញ្ជាក់ ថាតើ គាត់មានន័យថា មិនដូចនៅអ៊ុយក្រែនទេ កងកម្លាំងសហរដ្ឋអាមេរិក ទាំងបុរស និងស្ត្រី នឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានរបស់ប្រទេសចិន លោក បៃដិន បានឆ្លើយថា “បាទ” ។

គួរបញ្ជាក់ថា កិច្ចសម្ភាសន៍នេះគ្រាន់តែជាពេលវេលាចុងក្រោយបង្អស់ដែលលោក បៃដិន ហាក់បីដូចជាលើកឡើងហួសពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានចែងជាយូរមកលើកោះតៃវ៉ាន់ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់គាត់គឺច្បាស់ជាងការលើកមុនអំពីការប្តេជ្ញាចិត្តកងទ័ពអាមេរិកដើម្បីការពារដែនកោះមួយនេះ ។

គេបានដឹងថា សហរដ្ឋអាមេរិក បានជាប់គាំងជាយូរមកហើយចំពោះគោលនយោបាយ “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ” ហើយមិនបានបញ្ជាក់ច្បាស់ ថាតើ ខ្លួននឹងឆ្លើយតបផ្នែកយោធាចំពោះការវាយប្រហារលើកោះតៃវ៉ាន់ដែរឬយ៉ាងណានោះទេ ។

នៅគ្រាដែលមានការចោទសួរដើម្បីធ្វើអត្ថាធិប្បាយនោះ អ្នកនាំពាក្យសេតវិមានបានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់មិនមានអ្វីដែលជាការផ្លាស់ប្តូរនោះទេ ។

អ្នកនាំពាក្យបានលើកឡើងថា “លោកប្រធានាធិបតីបានថ្លែងអំពីរឿងនេះពីមុនមក រួមទាំងនៅទីក្រុងតូក្យូ កាលពីដើមឆ្នាំនេះផងដែរ។ គាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយកោះតៃវ៉ាន់របស់យើងមិនផ្លាស់ប្តូរទេ។ វានៅតែជាការពិតដដែល”  ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top