ព័ត៌មានអន្តរជាតិ

ចិន រុស្សី បើកកិច្ចពិភាក្សាជុំថ្មី ស្ដីពីការប្រឹក្សាសន្តិសុខ ជាយុទ្ធសាស្ត្រ

ប៉េកាំង៖ លោក Yang Jiechi សមាជិកនៃការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើជាសហប្រធាននៃជុំទី១៧ នៃការពិគ្រោះយោបល់សន្តិសុខ ជាយុទ្ធសាស្រ្តរវាងចិន និងរុស្ស៊ី ជាមួយលោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី នៅខេត្ត Fujian ភាគខាងកើតប្រទេសចិន។

ភាគីទាំងពីរបានឯកភាព បន្តប្រើប្រាស់ជាវិជ្ជមាននូវ យន្តការពិគ្រោះយោបល់ អនុវត្តការឯកភាពដែលប្រមុខរដ្ឋទាំងពីរ សម្រេចបានក្នុងអំឡុងកិច្ចប្រជុំកំពូល SCO Samarkand និងបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមក។

ពួកគេក៏បានឯកភាពគាំទ្រ គ្នាទៅវិញទៅមកក្នុងការប្រកាន់ យកនូវមាគ៌ាអភិវឌ្ឍន៍ ស្របតាមលក្ខខណ្ឌរបស់ពួកគេ រួមគ្នាការពារស្ថិរភាព ជាយុទ្ធសាស្ត្រសកល ហើយបន្តពង្រឹង និងពង្រីកខ្លឹមសារនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលរវាងប្រទេសទាំងពីរ។

លោក Yang ដែលជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម CPC បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ី បានរក្សាសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបានលើកឡើងថា ប្រទេសទាំងពីរបានបន្តធ្វើឱ្យស៊ីជម្រៅ នូវការសម្របសម្រួលយុទ្ធសាស្ត្រ និងគាំទ្រយ៉ាងមុតមាំលើ គ្នាទៅវិញទៅមកលើបញ្ហា ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។

ប្រទេសទាំងពីរបានរួមគ្នា រក្សាប្រព័ន្ធអន្តរជាតិជាមួយ អង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ។ លោក Yang បានបន្ដថា ពួកគេក៏បានការពារភាពត្រឹមត្រូវ និងយុត្តិធម៌ជាសាកល ព្រមទាំងបង្កើតគំរូនៃ ទំនាក់ទំនងរវាងប្រទេសធំៗ ដោយការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់សហគមន៍ពិភពលោក ។

លោក Yang បានបន្ថែមថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីអនុវត្តទាំងស្រុង នូវការឯកភាពដែល ប្រមុខរដ្ឋទាំងពីរសម្រេចបាន ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយ និងការសម្របសម្រួលជាយុទ្ធសាស្ត្រ ដើម្បីកសាងបរិយាកាស ខាងក្រៅដែលមានសុវត្ថិភាព និងស្ថិរភាពសម្រាប់ការ អភិវឌ្ឍនៃប្រទេសទាំងពីរ។

លោកបានបន្ថែមថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមចំណែកបន្ថែមទៀត ក្នុងការការពារផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ និងសន្តិសុខ និងស្ថិរភាពពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top