បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី PBS NewsHourថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់ឃើញការសន្និដ្ឋានយ៉ាងឆាប់រហ័សចំពោះជម្លោះនៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បាននិយាយថា លោកបានបើក “កិច្ចប្រជុំទូលំទូលាយជាមួយលោក Putin នៅប្រទេសអ៊ូសបេគីស្ថាន” ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីសប្តាហ៍មុន។
មេដឹកនាំតួកគីបាននិយាយដោយសំដៅទៅលើជម្លោះនៅអ៊ុយក្រែនថា ស្ថានភាពនេះគឺជាបញ្ហាដ៏ធំមួយ។ “ខ្ញុំបានដឹងថាពួកគេពិតជាព្យាយាមបញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកប្រធានាធិបតី Erdogan ដែលកំពុងនៅទីក្រុងញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយថា លោកចង់ឱ្យលោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និយាយគ្នាដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ៕ប្រែសម្រួលៈ ណៃ តុលា