បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទបានព្រមានថា សង្រ្គាមត្រជាក់រវាងចិន និងអាមេរិក នឹងក្លាយជា “គ្រោះមហន្តរាយ” សម្រាប់ប្រទេសទាំងពីរ និងសម្រាប់ពិភពលោកទាំងមូល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវយ៉ក លោក Wang Yi បានពិពណ៌នាអំពីលោក Kissinger អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានភាពប្រក្រតី ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ថាជា “មិត្តល្អរបស់ប្រជាជនចិន”។
ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំងបានព្រមានថា “ការផ្ទុះឡើងនៃសង្រ្គាមត្រជាក់ថ្មី នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាផ្នែកផ្សេងទៀតនៃពិភពលោក” ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនប្រកាន់យកគោលនយោបាយសមហេតុផល និងជាក់ស្តែងចំពោះប្រទេសចិន។
យោងតាមរដ្ឋមន្ត្រី, ទីក្រុងវ៉ាស៊ីនតោនអាចធ្វើដូច្នេះបានដោយគោរពការទទួលស្គាល់ពីមុនរបស់ខ្លួនចំពោះជំហររបស់ចិនដែលថា កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនក្រោមគោលនយោបាយ ‘ចិនតែមួយ’ ។
លោក Wang Yi បាននិយាយថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ដោយប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះនេះ គឺធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក ដូចច្បាប់ស្តីពីគោលនយោបាយតៃវ៉ាន់ឆ្នាំ ២០២២ របស់សភាសហរដ្ឋអាមេរិក។ ឯកសារចុងក្រោយនេះ ដែលត្រូវបានគាំទ្រដោយគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក មានគោលបំណង ផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់តៃប៉ិ។
លោក Wang បាន បន្ត ថា សហរដ្ឋ អាមេរិក មាន “ការយល់ឃើញខុស ចំពោះប្រទេសចិន” ដោយចាត់ទុកវា ថាជា “គូប្រជែងលេចធ្លោបំផុត និងជាគូប្រជែង រយៈពេល វែង”៕
ប្រែសម្រួលៈ ណៃ តុលា