បរទេស៖ ប្រសិនបើអាមេរិកសម្រេចចិត្ត ផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន វាអាចចំណាយពេលពីរទៅបីឆ្នាំ មុនពេលដែលទីក្រុងគៀវអាចទទួលបាន។ នេះបើតាមរបាយការណ៍ Politico ដែលបានដកស្រង់សំដី របស់ឧត្តមសេនីយ៍ James Hecker របស់កងទ័ពអាកាសអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hecker ដែលជាប្រធានកងទ័ពអាកាសអាមេរិកនៅអឺរ៉ុប កងកម្លាំងអាកាសអាហ្រ្វិក (USAFE-AFAFRICA) ត្រូវបានគេនិយាយថា បានធ្វើការទស្សន៍ទាយបែបនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅថ្ងៃចន្ទក្នុងសន្និសីទ សមាគមទ័ពអាកាសប្រចាំឆ្នាំ។
យោងតាម Politico លោក Hecker បានដាក់ការពន្យារពេលចំពោះបញ្ហាភស្តុភារ និងការហ្វឹកហ្វឺន ប៉ុន្តែបាននិយាយថា លោកជឿជាក់ថា អ៊ុយក្រែនអាចទទួលបានយន្តហោះ ចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិក នៅពេលណាមួយនាពេលអនាគត ដោយសារតែ “សហគមន៍កំពុងចាប់ផ្តើម គិតវែងឆ្ងាយជាងមុន” ។
សារព័ត៌មានបានរាយការណ៍ កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលអាមេរិកកំពុងពិចារណា បញ្ជូនយន្តហោះចម្បាំង F-16 និងមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយ Patriot ទៅកាន់អ៊ុយក្រែន ដោយរំពឹងថា ជម្លោះជាមួយរុស្ស៊ីនឹងអូសបន្លាយរាប់ឆ្នាំ។
វ៉ាស៊ីនតោនបានបង្កើនការ ដឹកជញ្ជូនអាវុធរបស់ខ្លួនពេញមួយជំលោះ ដោយនៅទីបំផុតបានយល់ព្រម ផ្តល់ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើនដូចជា HIMARS ក៏ដូចជា កាំភ្លើងធំរយៈចម្ងាយឆ្ងាយផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា