ព័ត៌មានអន្តរជាតិ

លោកខាងលិច រិះគន់ការបោះឆ្នោត ប្រជាមតិរបស់រុស្ស៊ី នៅក្នុងតំបន់កាន់កាប់ នៅអ៊ុយក្រែន

ព្រុចសែល ៖ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសផែនការរបស់ទីក្រុងមូស្គូ ក្នុងការធ្វើប្រជាមតិថាតើតំបន់កាន់កាប់ចំនួន៤ នៃប្រទេសនេះចង់ចូលរួម ជាមួយរុស្ស៊ីដែរឬទេ នៅក្នុងការប្រឈមទៅនឹងប្រទេសលោកខាងលិច ដែលអាចបង្កើនសង្រ្គាមកាន់តែខ្លាំង។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅឯអង្គការសហប្រជាជាតិថា “ប្រជាជនរុស្ស៊ី អាចធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាន។ វានឹងមិនផ្លាស់ប្តូរអ្វីទាំងអស់” ។

លោក Kuleba បានបន្ថែមនៅក្នុងសារមួយថា “អ៊ុយក្រែនមានសិទ្ធិគ្រប់យ៉ាង ក្នុងការរំដោះទឹកដីរបស់ខ្លួន ហើយនឹងបន្តរំដោះពួកគេ តាមអ្វីដែលរុស្ស៊ីបាននិយាយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន The National។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានច្រានចោលរាល់ការធ្វើប្រជាមតិបែបនេះ “យ៉ាងច្បាស់លាស់” ហើយសហភាពអឺរ៉ុប និងកាណាដា ក៏បានថ្កោលទោសផែនការនេះផងដែរ។

ប្រធានគោលនយោបាយការបរទេស របស់សហភាព អឺរ៉ុប លោក Josep Borrell បានលើកឡើងថា ប្លុក និងរដ្ឋជាសមាជិករបស់ខ្លួន នឹងមិនទទួលស្គាល់លទ្ធផល នៃប្រជាមតិ ហើយនឹងពិចារណាវិធានការបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ប្រសិនបើការបោះឆ្នោតដំណើរការទៅមុខ។

នៅក្នុងនោះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតីលីទុយអានី Gitanas Nauseda បានប្រើពាក្យ “រិះគន់បែបកំប្លែង” ដើម្បីពិពណ៌នាអំពីការបោះឆ្នោត ដែលបានគ្រោងទុករបស់រុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top