ព័ត៌មានអន្តរជាតិ

លោក Wang Qishan តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រី Elizabeth II

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលអង់គ្លេស លោក Wang Qishan តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបានអញ្ជើញទៅចូលរួមព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រី Elizabeth II


នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Wang Qishan បានធ្វើដំណើរទៅកាន់វិមានសភាអង់គ្លេស ដើម្បីចូលរួមព្រះរាជពិធីបុណ្យសព។ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា លោកWang Qishan រួមជាមួយប្រមុខរដ្ឋ សមាជិកព្រះរាជវង្សានុវង្ស និងអ្នកតំណាងរដ្ឋាភិបាលនៃប្រទេសនានាចូលរួមព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រី Elizabeth II ដែលធ្វើឡើងនៅព្រះវិហារ Westminster ។


លោកWang Qishan បានថ្លែងប្រាប់ភាគីអង់គ្លេសថា ព្រះមហាក្សត្រី Elizabeth II គឺជាក្សត្រីដែលគ្រងរាជ្យសម្បត្តិបានយូរបំផុតរបស់អង់គ្លេស ហើយព្រះមហាក្សត្រីបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរនៃសម័យកាល និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអង់គ្លេស។ លោកបានពាំនាំនូវការរំលែកមរណទុក្ខរបស់លោកប្រធានរដ្ឋចិន Xi Jinping រដ្ឋាភិបាលនិងប្រជាជនចិនចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រី Elizabeth II ថ្វាយចំពោះព្រះមហាក្សត្រCharles III ព្រមនិងសម្តែងការសួរសុខទុក្ខដោយស្មោះចំពោះព្រះរាជវង្សានុវង្ស រដ្ឋាភិបាលនិងប្រជាជនអង់គ្លេស។


ជាការឆ្លើយតប ព្រះមហាក្សត្រ Charles III បានផ្តាំផ្ញើទៅកាន់ភាគីចិនតាមរយៈលោកWang Qishanថា ព្រះរាជវង្សានុវង្សអង់គ្លេសយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពជាមួយមេដឹកនាំចិន និងការអភិវឌ្ឍទំនាក់ទំនងរវាងអង់គ្លេសនិងចិន ហើយសង្ឃឹមថាអាចបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យអភិវឌ្ឍប្រកបដោយនិរន្តរភាព និងវិស័យផ្សេងៗទៀតនាពេលអនាគត៕

To Top