ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ចំនួនអ្នកស្លាប់នៅខាង អ៊ុយក្រែនគឺខ្ពស់ជាងរុស្ស៊ីដប់ដង

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា យោធារុស្ស៊ីបានបាត់បង់ទាហានជិត ៦ ០០០នាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Sergey Shoigu បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនគឺខ្ពស់ជាងដប់ដង ដោយមានទាហានគីវចំនួន ៦១ ២០៧ នាក់ បានស្លាប់។

វាជាលើកទីមួយហើយដែលរុស្ស៊ីបានប្រកាសពីការខាតបង់របស់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការយោធាចាប់តាំងពីចុងខែមីនា នៅពេលដែលចំនួនទាហានដែលត្រូវបានសម្លាប់មានចំនួន ១ ៣៥១នាក់ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

លោក Shoigu បានបង្ហាញឱ្យដឹងថា “ការខាតបង់របស់យើងរហូតមកដល់បច្ចុប្បន្នគឺ ៥ ៩៣៧នាក់ បានស្លាប់” ។

លោកក៏បានសរសើរដល់ការងាររបស់ពេទ្យយោធាផងដែរ ដោយនិយាយថា ៩០ភាគរយ នៃទាហានរុស្ស៊ីដែលបានរងរបួសអំឡុងពេលប្រយុទ្ធអាចត្រលប់មកធ្វើសកម្មភាពវិញបន្ទាប់ពីការព្យាបាល។

លោកបាននិយាយថា “ដំបូងកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនមានចំនួនចន្លោះពី ២០១ ០០០នាក់ ទៅ ២០២ ០០០ នាក់ ហើយចាប់តាំងពីពេលនោះមក ពួកគេបានទទួលរងការខាតបង់ប្រហែល ១០០ ០០០ នាក់ ដោយមាន ៦១ ២០៧នាក់បានស្លាប់ និង ៤៩ ៣៦៨ នាក់ផ្សេងទៀតបានរងរបួស” ៕

To Top