ព័ត៌មានអន្តរជាតិ

រុស្សី យល់ព្រមដោះលែង ទាហានស៊ីឈ្នួល ជាច្រើននាក់

បរទេស៖ យោងតាមការប្រកាសដោយក្រសួងការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថាក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទីបំផុតរុស្សីបានសម្រេចចិត្ត ក្នុងការដោះលែងទាហានស៊ីឈ្នួល ចំនួន១០នាក់ដែលពួកគេកន្លងមកបានពាក់ព័ន្ធទៅនឹង ជម្លោះជាមួយនឹងអ៊ុយក្រែន។

ក្រុមទាហានស៊ីឈ្នួលដែលត្រូវបានគេដឹងថា មានប្រភពមកពីប្រទេសមួយចំនួន មានដូចជាប្រទេសក្រូអាតប្រទេសម៉ារ៉ុកប្រទេសស៊ុយអែតប្រទេសអង់គ្លេស និងប្រទេសអាមេរិកផងដែរហើយ ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តោះអាសន្នជាមុនសិន។

គួរឲ្យដឹងដែរថាព្រះអង្គម្ចាស់ Bin Salman គឺជាអ្នកចរចាសុំឲ្យមានការដោះលែង ដោយទ្រង់ផ្ទាល់តែម្តង ដែលវាគឺជាផ្នែកដ៏ធំមួយនៃការដោះដូរអ្នកទោស រវាងគ្នារវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី។

ទោះបីជាមិនបានដឹងអំពីព័ត៌មាន លំអិតអំពីការដោះដូរលើកនេះក្តី ប៉ុន្តែកន្លងមកប្រធានាធិបតីតួគីលោក Recep Tayyip Erdogan ធ្លាប់បានបញ្ជាក់ហើយថាទាំងរុស្សី និងអ៊ុយក្រែន បានដាក់ការប្តេជ្ញាចិត្តក្នុងការដោះដូរអ្នកទោស ឲ្យបាន២០០នាក់រវាងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top