ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន គាំទ្រកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការគាំទ្រ របស់ជប៉ុនចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ក្នុងជំនួបរបស់គាត់ជាមួយ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ខណៈដែលកិច្ចពិភាក្សា បន្តរក្សាកិច្ចព្រមព្រៀង ដែលសម្រេចបាន រវាងប្រទេសមជ្ឈិមបូព៌ា និងមហាអំណាច។

ជំនួបជាមួយលោក Raisi នៅទីក្រុងញូវយ៉ក លើជ្រុងមួយនៃសម័យប្រជុំប្រចាំឆ្នាំ របស់មហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំទាំងពីរមានការផ្លាស់ប្តូរ យោបល់ដោយស្មោះត្រង់ជាមួយលោក Kishida ដោយលើកឡើងថា ជប៉ុនបាន “គាំទ្រជានិច្ច” កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយសង្ឃឹមថាទីក្រុងតេអេរ៉ង់ ត្រឡប់ទៅកិច្ចព្រមព្រៀង ដែលរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ក្រសួងបានបន្ថែមថា មេដឹកនាំយល់ព្រមរក្សាទំនាក់ទំនង ជិតស្និទ្ធលើបញ្ហានេះ។

ការចរចាលើកតិកាសញ្ញា ដែលបានវាយលុករវាងអ៊ីរ៉ង់ និងអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវបានជាប់គាំងចាប់តាំងពី ទីក្រុងវ៉ាស៊ីនតោនបានដកខ្លួន ចេញពីកតិកាសញ្ញានៅឆ្នាំ២០១៨ ខណៈដែលពេលនោះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់កិច្ចព្រមព្រៀងនេះថា មានកំហុស និងដាក់ទណ្ឌកម្មឡើងវិញ លើទីក្រុងតេអេរ៉ង់។ ជាថ្នូរនឹងគ្នា អ៊ីរ៉ង់បានរំលោភលើការរឹតបន្តឹង មួយចំនួនក្រោមកិច្ចព្រមព្រៀង។

ប្រទេសជប៉ុន បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនេះក្នុងក្តីសង្ឃឹមថា នឹងនាំមកនូវស្ថិរភាពទៅកាន់មជ្ឈិមបូព៌ា ដែលខ្លួនពឹងផ្អែកលើការនាំចូលប្រេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យុដូជប៉ុន ។

ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងពេលនៃ កិច្ចពិភាក្សានេះលោក Kishida និង លោក Raisi បានសន្យាថា នឹងធ្វើការជាមួយគ្នាឆ្ពោះ ទៅរកការពង្រឹងបន្ថែមទៀតនូវ “មិត្តភាពយូរអង្វែង” រវាងប្រទេសទាំងពីរ។

នៅក្នុងនោះដែរមេដឆកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងទៀត រួមទាំងស្ថានភាពនៅក្នុងប្រទេសយេម៉ែន និងផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា ក៏ដូចជាសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នេះបើយោងតាមក្រសួង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top