បរទេស៖ នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីព្រឹកថ្ងៃពុធ លោកពូទីន ប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់លោកខាងលិចថា កំពុងស្វែងរកការបំបែកប្រទេសរុស្ស៊ី ហើយបាននិយាយថា ទីក្រុងមូស្គូនឹងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកម្ចាត់ និងការពារបូរណភាពទឹកដីរបស់ប្រទេសនេះ រួមទាំងការរារាំងដោយនុយក្លេអ៊ែររបស់ខ្លួន ក្នុងករណីមានការវាយប្រហារដោយអាវុធប្រល័យលោក។ លោកពូទីនបានសង្កត់ធ្ងន់ថាគាត់ “មិននិយាយកុហក” អំពីរឿងនេះទេ។
អង្គការណាតូបានប្រាប់ទីក្រុងមូស្គូយ៉ាងច្បាស់ថា រុស្ស៊ីមិនអាចឈ្នះសង្គ្រាមនុយក្លេអ៊ែរបានទេ ហើយបាននិងកំពុងប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ដើម្បី “ដកបន្ទប់សម្រាប់ការគណនាខុស ឬការយល់ច្រឡំ” ។ នេះបើតាមអគ្គលេខាធិការនៃប្លុកណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បានប្រាប់ Reuters កាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jens Stoltenberg បានប្រាប់លោក Alessandra Galloni និពន្ធនាយក Reuters នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា “នេះគឺជាវោហាសាស្ត្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្ន” ។ លោកបានបន្ថែមថា “លោកដឹងយ៉ាងច្បាស់ថា សង្រ្គាមនុយក្លេអ៊ែរមិនគួរត្រូវបានប្រយុទ្ធ និងមិនអាចឈ្នះបានទេ ហើយវានឹងមានផលវិបាកដែលមិនធ្លាប់មានពីមុនមកសម្រាប់រុស្ស៊ី” ដោយលោកសំដៅដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
នៅពេលសួរថាតើ អង្គការណាតូ នឹងធ្វើអ្វីក្នុងករណីដែលរុស្ស៊ីប្រើអាវុធបរមាណូនោះ ទោះបីជាយ៉ាងណាក៏ដោយ លោក Stoltenberg បាននិយាយថា វា “អាស្រ័យ” លើកាលៈទេសៈ ប៉ុន្តែប្លុកនេះច្បាស់ណាស់ក្នុងការទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូថា “សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបានដោយរុស្ស៊ីឡើយ”៕
ប្រែសម្រួលៈ ណៃ តុលា