បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានព្រមានជាឯកជនអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូងាកទៅរកអាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមមន្ត្រីអាមេរិកដែលដកស្រង់ដោយគេហទំព័រនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានជ្រើសរើសរក្សាសាររបស់ខ្លួនលើបញ្ហានេះដោយចេតនាមិនច្បាស់លាស់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពរបស់កាសែត Washington Post បានកត់សម្គាល់ថា ការប្រាស្រ័យទាក់ទងជាមួយទីក្រុងម៉ូស្គូអំពីបញ្ហានុយក្លេអ៊ែរ បាននិងកំពុងបន្តក្នុងប៉ុន្មានខែថ្មីៗនេះ។ ខណៈពេលដែលមន្ត្រីអាមេរិក បានបដិសេធមិននិយាយថាអ្នកណាជាអ្នកផ្ញើសារ និងអ្វីដែលពួកគេនិយាយពិតប្រាកដនោះ ភាពមិនច្បាស់លាស់ ត្រូវបានគេរាយការណ៍ថា មានបំណងបង្កើត “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ” ហើយទុកឱ្យវិមានក្រឹមឡាំងទស្សន៍ទាយអំពីរបៀបដែលសហរដ្ឋអាមេរិកនឹងឆ្លើយតប ប្រសិនបើរុស្ស៊ីដាក់ពង្រាយនុយក្លេអ៊ែរ។
ទន្ទឹមនឹងនោះ សារព័ត៌មានបានកត់សម្គាល់ថា វាមិនច្បាស់ទេថាតើទីក្រុងវ៉ាស៊ីនតោន បានទាក់ទងជាមួយទីក្រុងមូស្គូតាំងពីថ្ងៃពុធ នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តយោធាមួយផ្នែក ហើយបានសន្យាថានឹងប្រើប្រាស់ “គ្រប់មធ្យោបាយ” ចាំបាច់ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសនេះ ចំពោះមុខការគំរាមកំហែងពីខាងក្រៅ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានបង្ហាញថា មិនមានសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងផ្លាស់ប្តូរនុយក្លេអ៊ែររបស់ខ្លួន ដើម្បីត្រៀមវាយប្រហារនុយក្លេអ៊ែរនោះទេ , នេះបើយោងតាម Washington Post ៕ ប្រែសម្រួលៈ ណៃ តុលា