បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 របស់អ៊ុយក្រែន ចំនួនពីរគ្រឿងដែលត្រូវបានកែប្រែ ដើម្បីបាញ់អាវុធប្រឆាំងរ៉ាដាដែលផលិតដោយ សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិរុស្ស៊ី គឺ យន្តហោះដែលត្រូវបានស្ទាក់ចាប់នៅតំបន់ Nikolaev ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន មានសមត្ថភាពផ្ទុកមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន AGM-88 (HARM) ដែលត្រូវបានប្រើដើម្បីបំផ្លាញស្ថានីយ៍រ៉ាដានៅលើដី។
ក្រសួងបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១២គ្រឿងត្រូវបានបាញ់ទម្លាក់ ហើយមីស៊ីលចំនួន ២១ ដែលភាគច្រើនមកពី HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានស្ទាក់ចាប់បានពាក់កណ្តាលអាកាស។
ដំណឹងនេះកើតឡើងនៅពេលដែលតំបន់ Kherson របស់អ៊ុយក្រែន និងផ្នែកធំនៃតំបន់ Zaporozhye ជិតខាង ដែលតំនន់ទាំងពីរត្រូវបានគ្រប់គ្រងដោយកងទ័ពរុស្ស៊ី គឺកំពុងធ្វើប្រជាមតិរយៈពេលប្រាំថ្ងៃស្តីពីការចូលរួមជាមួយរុស្ស៊ី។ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) ដែលបានបំបែកចេញពីអ៊ុយក្រែនបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងគៀវ ក៏កំពុងបោះឆ្នោតដើម្បីក្លាយជាផ្នែកនៃប្រទេសរុស្ស៊ីផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា