ព័ត៌មានអន្តរជាតិ

ការវាយលុក របស់រុស្ស៊ីលើអ៊ុយក្រែន នាំឱ្យអង់គ្លេស បង្កើនការចំណាយ លើផ្នែកយោធា ក្នុងប៉ុន្មានឆ្នាំខាងមុខ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace បានបង្ហាញឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបង្កើន ការចំណាយយោធារបស់ខ្លួន ឱ្យបានច្រើនក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ បើទោះបីជាប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការ Covid-19 និងការដាក់ទណ្ឌកម្ម របស់ទីក្រុងឡុង ដ៍មកលើទីក្រុងមូស្គូក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Sunday Telegraph ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Wallace បាននិយាយថា រដ្ឋាភិបាលអង់គ្លេស នឹងចំណាយយ៉ាងហោចណាស់ ៥២ពាន់លានផោន (៥៦,៥ ពាន់លានដុល្លារ) ដើម្បីពង្រឹងវិស័យយោធា ដែលពិតជានឹងកើនឡើង។ ផែនការនេះគឺស្របតាមយុទ្ធនាការរបស់នាយករដ្ឋមន្ត្រីលោកស្រី Liz Truss ដែលបានសន្យាថា នឹងជំរុញការចំណាយលើវិស័យការពារជាតិ។

យោងតាមមន្ត្រីរូបនេះ ថវិកាការពារជាតិប្រចាំឆ្នាំ របស់ចក្រភពអង់គ្លេស នឹងមានចំនួន ១០០ ពាន់លានផោននៅឆ្នាំ ២០៣០។

លោក Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកាន់តំណែងបន្ទាប់ពីលោកស្រី Liz Truss បានយកឈ្នះលើលោក Sunak ក្នុងការប្រជែងតំណែង ជានាយករដ្ឋមន្ត្រី កាលពីដើមខែកញ្ញា បានប្រាប់អ្នកសារព័ត៌មានថា ឆន្ទៈរបស់មេដឹកនាំថ្មី ក្នុងការចំណាយបន្ថែមលើវិស័យយោធា គឺជាកត្តាសំខាន់មួយសម្រាប់គាត់ ក្នុងការសម្រេចចិត្តជ្រើសរើស បេក្ខភាពមួយណា ត្រឡប់​មក​វិញ​សម្រាប់​នាយក​រដ្ឋមន្ត្រី៕

ប្រែសម្រួលៈ ណៃ តុលា

To Top