ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង បើក​សម័យ​ប្រជុំ​ការិយាល័យ ​នយោបាយ​ ដោយ​​គ្មានវត្តមាន ពីមេដឹកនាំ​គីម​ ជុងអ៊ុន

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំ ការិយាល័យនយោបាយ របស់គណបក្សកម្មករ ដែលកំពុងកាន់អំណាច ដើម្បីពិភាក្សាអំពីបញ្ហា នៃការកែលម្អស្ថានភាព កសិកម្ម របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jo Yong-won លេខាធិការទទួលបន្ទុក កិច្ចការរៀបចំ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មករ ដែលកំពុងកាន់អំណាចបានធ្វើ ជាអធិបតី ក្នុងកិច្ចប្រជុំការិយាល័យនយោបាយ កាលពីថ្ងៃមុន, នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) ។

មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន មិនបានចូលរួមកិច្ចប្រជុំនោះទេ។

មន្ត្រីនៅក្នុងកិច្ចប្រជុំ បានអនុម័តដំណោះស្រាយ ដ៏សំខាន់មួយ បន្ទាប់ពីពិភាក្សាអំពីបញ្ហា នៃការអនុវត្តយ៉ាងហ្មត់ចត់ នូវគោលនយោបាយ កសិកម្ម របស់កូរ៉េខាងជើង និងការពិនិត្យមើលការធ្វើកសិកម្ម ក្នុងឆ្នាំនេះ នេះបើយោងតាម ​​KCNA ។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ លើភាពចាំបាច់ក្នុងការប្រមូលផ្តុំកម្លាំង និងមធ្យោបាយទាំងអស់ ក្នុងការប្រមូលផល ធ្វើឱ្យប្រសើរឡើងនូវលទ្ធកម្ម និងការផ្គត់ផ្គង់ធញ្ញជាតិ ៕

ប្រែសម្រួល៖ ណៃ តុលា

To Top