ប៊ូដាពែស ៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោក ខាងលិចប្រឆាំងនឹងរុស្ស៊ី បានប្រែក្លាយជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន ទៅជា “សង្រ្គាមសេដ្ឋកិច្ចពិភពលោក” ។
លោក Orban បានឲ្យដឹងនៅឯការបើកសម័យប្រជុំសភា រដូវស្លឹកឈើជ្រុះថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងផ្គត់ផ្គង់អាវុធ និងលុយដល់អ៊ុយក្រែន ប៉ុន្តែទុនបម្រុងនៃសម្ភារៈ និងបុរសខ្លាំងរបស់រុស្ស៊ីគឺ “គ្មានទីបញ្ចប់” នោះទេ។
យោងតាមលោក Orban “ការិយាល័យការិយាធិបតេយ្យ របស់សហភាពអឺរ៉ុប” បានសន្យាថាការដាក់ទណ្ឌកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី និងនាំមកនូវការបញ្ចប់ជម្លោះ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ ។
លោកបានប្រកែកថា ប្រជាជន អឺរ៉ុប កាន់តែក្រីក្រ ដោយសារទណ្ឌកម្ម ខណៈរុស្ស៊ី មិនបានលុតជង្គង់ ចុះនោះទេ ហើយអាវុធនេះបានតបតវិញ ជាមួយនឹងការដាក់ទណ្ឌកម្ម អឺរ៉ុបបានបាញ់ចំជើង របស់ខ្លួនឯងទៅវិញ” ។
លោក Orban ក៏បានលើកឡើងផងដែរថា គ្រួសារនៅទូទាំងទ្វីបអឺរ៉ុប កំពុងបង់ថ្លៃទណ្ឌកម្មនៅក្នុងវិក្កយបត្រ ថាមពលរបស់ពួកគេ។ លោកថា តាមរយៈអតិផរណា និងការកើនឡើងតម្លៃ បណ្តាប្រទេសនៅអឺរ៉ុប ឥឡូវនេះកំពុងបង់ថ្លៃ បន្ថែមលើទណ្ឌកម្ម។
លោក Orban ក៏បានបន្ថែមដែរថា លោកមានជំនឿថា ប្រសិនបើទណ្ឌកម្មត្រូវបានបញ្ចប់ នោះតម្លៃនឹងធ្លាក់ចុះយ៉ាងលឿន។ “សូមនិយាយត្រង់ៗ ប្រសិនបើយើងដកទណ្ឌកម្មចេញ តម្លៃនឹងធ្លាក់ចុះពាក់កណ្តាលភ្លាមៗ ហើយអតិផរណាក៏នឹង ធ្លាក់ចុះពាក់កណ្តាលដែរ”។
លោកបានបន្ថែមទៀតថា លោកមានជំនឿយ៉ាងមុតមាំថា បើគ្មានទណ្ឌកម្មទេ សេដ្ឋកិច្ចអឺរ៉ុប ក៏នឹង “ទទួលបានភាពរឹងមាំ” និងជៀសវាង “វិបត្តិសេដ្ឋកិច្ច ដែលគំរាមកំហែង”៕
ប្រែសម្រួល ឈូក បូរ៉ា