ព័ត៌មានអន្តរជាតិ

វៀតណាម ជម្លៀសប្រជាជន ៤០ម៉ឺននាក់ ទៅកន្លែង មានសុវត្ថិភាព មុនពេលព្យុះ ដែលមានកម្លាំងខ្លាំងបំផុត ក្នុងរយៈពេល ២០ ឆ្នាំ មកដល់

ហាណូយ ៖ មនុស្សរាប់សែននាក់ ដែលភាគច្រើននៅតំបន់ភាគកណ្តាល នៃប្រទេសវៀតណាម ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាពជាងមុន ខណៈដែលប្រទេសនេះ ត្រៀមលក្ខណៈសម្រាប់ការមកដល់ នៃព្យុះទីហ្វុងឈ្មោះ Noru ។ ព្យុះ Noru ត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារតំបន់កណ្តាល នៅយប់ថ្ងៃអង្គារ ហើយត្រូវបានគេនិយាយថា ជាព្យុះដែលមានកម្លាំងខ្លាំងបំផុត ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការណែនាំដ៏តឹងរ៉ឹង ពីនាយករដ្ឋមន្ត្រីលោក Pham Minh Chính , តំបន់ខ្ពង់រាបកណ្តាល និងកណ្តាលចំនួន៨ ត្រូវបានបញ្ជា ឱ្យដាក់សុវត្ថិភាពជាមុន ហើយត្រូវប្រាកដថា ប្រជាជនដែលរស់នៅក្នុងតំបន់ ដែលរងគ្រោះដោយព្យុះត្រូវបានជម្លៀស ។

នាយករដ្ឋមន្ត្រីបាននិយាយថា អាទិភាពតែមួយគត់សម្រាប់ប្រទេស គឺធានាមិនឲ្យមានការបាត់បង់ជីវិត ក្នុងអំឡុងពេលអាកាសធាតុអាក្រក់នេះ។

រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា មូលដ្ឋានបានណែនាំទូកជិត ៥៨ ០០០គ្រឿង ជាមួយនឹងកម្មករ ៣សែននាក់ ឱ្យផ្លាស់ទីទៅកាន់ជម្រកសុវត្ថិភាព។ បែរចិញ្ចឹមត្រីប្រហែល ៤៥០០០ និងគ្រួសារជាង ១០ម៉ឺនគ្រួសារ ដែលមានមនុស្ស ៤០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ។

លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឱ្យដាក់ការការពារអាយុជីវិត របស់ប្រជាពលរដ្ឋជាចម្បង ដោយផ្តោតលើការការពារក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ កុមារ និងជនពិការ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top