ព័ត៌មានអន្តរជាតិ

ទាហាន១១នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិល៥នាក់ បាត់ខ្លួនក្នុងការវាយប្រហារ ក្បួនរថយន្តនៅប៊ូគីណាហ្វាសូ

បរទេស៖ រដ្ឋាភិបាលប៊ូគីណា ហ្វាសូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហាន ១១នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល ៥០នាក់បាត់ខ្លួន នៅក្នុងការវាយប្រហារលើក្បួនផ្គត់ផ្គង់នៅភាគខាងជើងប្រទេស ប៊ូគីណា ហ្វាសូ កាលពីថ្ងៃចន្ទ។

យោងតាមសេចក្តីថ្លែងការណ៍ ក្បួនរថយន្តផ្គត់ផ្គង់ក្រោមការអមការពារយោធា និងធ្វើដំណើរទៅកាន់ទីក្រុង Djibo ត្រូវបានវាយប្រហារដោយក្រុមភេរវករនៅជិតឃុំ Gaskinde ក្នុងខេត្ត Soum តំបន់ Sahel ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់បណ្តោះអាសន្នមានចំនួនដល់ទៅ ១១ នាក់បានស្លាប់ ២៨ នាក់រងរបួស ក្នុងនោះមានទាហាន ២០ នាក់ និងជនស៊ីវិលប្រហែល ៥០ នាក់បាត់ខ្លួន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ការវាយប្រហារក៏បានបណ្តាលឱ្យខូចខាតសម្ភារៈសំខាន់ៗ ហើយការស្វែងរកអ្នកវាយប្រហារកំពុងបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សន្តិសុខក្នុងប្រទេស ប៊ូគីណា ហ្វាសូ កាន់តែអាក្រក់ចាប់តាំងពីឆ្នាំ២០១៥ ដោយសារការវាយប្រហារបានសម្លាប់មនុស្សជាង ១០០០ នាក់ និងបានជម្លៀសមនុស្សជាង ១,៩លាននាក់ផ្សេងទៀតនៅក្នុងប្រទេសអាហ្វ្រិកខាងលិច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top