ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកទ្វារ សម្រាប់ដំណោះស្រាយនយោបាយ នៃជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ការវិវឌ្ឍន៍ថ្មីៗ ក្នុងប្រទេសអ៊ុយក្រែន បង្ហាញថា សន្តិភាពត្រូវតែបន្ត និងគាំទ្រដោយទាំងអស់គ្នា។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការប្រឈមមុខដាក់គ្នាក្នុងប្លុក ភាពឯកោផ្នែកនយោបាយ ការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធ នឹងមិននាំទៅដល់ទីបញ្ចប់នោះទេ ។
លោកបានប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា “ភារកិច្ចនៅនឹងដៃ គឺ ដើម្បីជំរុញឱ្យភាគីបើកទ្វារ សម្រាប់ការដោះស្រាយនយោបាយ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដើម្បីរួមបញ្ចូលកង្វល់ស្របច្បាប់រៀងៗខ្លួននៅក្នុងការចរចា និងដាក់ជម្រើស ដែលអាចសម្រេច បានទាំងអស់នៅលើតុ”។
លោកបានលើកឡើងថា ការចុះហត្ថលេខាលើគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានបង្ហាញរួចហើយថា សូម្បីតែនៅក្នុងស្ថានភាពជម្លោះក៏ដោយ ក៏ការទូតអាចបង្កើតលទ្ធផល និងនាំមកនូវក្តីសង្ឃឹមបានដែរ ។
លោក Zhang បានបន្ដថា ដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ និងប្រកាន់ខ្ជាប់នូវបទដ្ឋាន ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ មិនគួរគ្រាន់តែជាពាក្យ ស្លោកនយោបាយនោះទេ។
ក្រុមប្រឹក្សាសន្តិសុខ ជាស្នូល នៃយន្តការសន្តិសុខសមូហភាពអន្តរជាតិ គួរតែប្រើប្រាស់ឧបករណ៍សម្រុះសម្រួលដែលផ្តល់ដោយធម្មនុញ្ញ និងប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ នៃបទឈប់បាញ់ និងកិច្ចចរចាសន្តិភាព ។ លោកបានបន្ថែមថា ជាពិសេស គួរចាត់វិធានការ ស្ថាបនា និង មានទំនួល ខុសត្រូវ ដើម្បីប្រមូល លក្ខខណ្ឌនិង បើកចំហសម្រាប់ ដំណោះស្រាយ នយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា