ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្ហាញខ្លួនជាថ្មីតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃអង្គារ (២៧ កញ្ញា) បន្ទាប់ពីអវត្តមានជាច្រើន ថ្ងៃពីទិដ្ឋភាពសាធារណៈដែលបង្កឱ្យមានពាក្យចចាមអារ៉ាម អំពីឆាកនយោបាយរបស់មេដឹកនាំវ័យ៦៩ឆ្នាំរូបនេះ ។
លោក ហ្ស៊ី ត្រូវបានគេបង្ហាញពីការទៅទស្សនាការតាំងបង្ហាញមួយ នៅសាលតាំងពិព័រណ៍ទីក្រុងប៉េកាំង ក្រោមប្រធានបទនៃការនាំមុខទៅក្នុងយុគសម័យថ្មី ។
អមដំណើរដោយនាយករដ្ឋមន្ត្រី Li Keqiang និងមេដឹកនាំកំពូលផ្សេងទៀត លោក ហ្ស៊ី ដែលជាប្រធានបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច និងកងទ័ពរំដោះប្រជាជនបានទស្សនាការបង្ហាញខ្លះៗ និងបានអត្ថាធិប្បាយអំពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងទសវត្សរ៍កន្លងមក។
ដំណើរទស្សនកិច្ចនេះជាការបង្ហាញខ្លួនជាលើកដំបូងរបស់លោក ហ្ស៊ី តាមកញ្ចក់ទូរទស្សន៍ចាប់តាំងពីលោក ត្រឡប់មកពីកិច្ចប្រជុំកំពូលថ្នាក់តំបន់ ក្នុងប្រទេសអ៊ូសបេគីស្ថានកាលពីចុងសប្តាហ៍មុន ។
ក្រោមបទប្បញ្ញត្តិនៃជំងឺរាតត្បាតរបស់ចិន គាត់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១សប្តាហ៍បន្ទាប់ពីត្រឡប់មកវិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា