ព័ត៌មានអន្តរជាតិ

រុស្ស៊ី បដិសេធមិន ជាប់ពាក់ព័ន្ធនឹងការ លេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 នោះទេ

ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅវាថា “ឆោតល្ងង់ និងមិនសមហេតុផល” ដើម្បីចោទ ប្រកាន់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធ ក្នុងការលេចធ្លាយបំពង់ បង្ហូរឧស្ម័ន Nord Stream 1 និង 2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោកPeskov បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយថា “តើនេះជាផលប្រយោជន៍ របស់យើងទេ? ទេ យើងនឹងបាត់បង់ផ្លូវផ្គត់ផ្គង់ ឧស្ម័នទៅកាន់អឺរ៉ុប។ តើវាជាផលប្រយោជន៍ របស់អឺរ៉ុបទេ? ទេ អឺរ៉ុបក៏ស្ថិតក្នុងស្ថានភាព លំបាកខ្លាំងដែរ” ។

លោកបានលើកឡើងថា ការសន្ទនា និងកិច្ចសហប្រតិបត្តិការភ្លាមៗ របស់ភាគីទាំងអស់ គឺចាំបាច់ដើម្បីស្វែងរកអ្វី ដែលបានកើតឡើងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយលោក បានបន្ថែមថា ក្រុមហ៊ុន ឧស្ម័នយក្សរុស្ស៊ី Gazprom ដែលជាម្ចាស់បំពង់បង្ហូរប្រេង គួរតែចូលរួមក្នុងការ ស៊ើបអង្កេតនេះ ។

ប្រធានអ្នកការទូត របស់សហភាពអឺរ៉ុប (EU) លោក Josep Borrell កាលពីថ្ងៃពុធ បានលើកឡើងថា ការលេចធ្លាយភាគច្រើន ប្រហែលជាលទ្ធផល នៃការបំផ្លិចបំផ្លាញ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុង នាមប្រទេសជាសមាជិកទាំង ២៧ របស់អឺរ៉ុប លោក Borrell បានលើកឡើងថា អឺរ៉ុបនឹងគាំទ្រការស៊ើបអង្កេតណាមួយ ដែលមានគោលបំណង ដើម្បីទទួលបានភាពច្បាស់លាស់ ពេញលេញអំពីអ្វីដែលបានកើតឡើង និងមូលហេតុ ហើយនឹងចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនភាពធន់របស់ប្លុក នៅក្នុងសន្តិសុខថាមពល ។

ការលេចធ្លាយជាច្រើន ត្រូវបានគេរកឃើញនៅដើមសប្តាហ៍នេះ នៅលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 នៅសមុទ្របាល់ទិក ក្បែរប្រទេសដាណឺម៉ាក និងស៊ុយអែត ដែលឧប្បត្តិហេតុ មួយត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានស៊ើបអង្កេតថា ជាការបំផ្លិចបំផ្លាញ ដែលអាចកើតមាន ៕

To Top