បរទេស៖ មន្ទីរបញ្ចកោណ បានចេញបញ្ជីជំនួយយោធាអាមេរិក ដែលត្រូវបានអនុម័តសម្រាប់អ៊ុយក្រែន រហូតមកដល់ពេលនេះ ដោយបានគូសបញ្ជាក់អំពីអាវុធ និងឧបករណ៍ជិត ១៧ពាន់លានដុល្លារ រួមទាំងប្រព័ន្ធប្រឆាំងរថក្រោះ រាប់ម៉ឺនគ្រឿង ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកសារការពិតស្តីពីជំនួយសន្តិសុខ របស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដែលចេញផ្សាយដោយក្រសួងការពារជាតិ កាលពីថ្ងៃពុធបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធា ចំនួន ១៦,៩ ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវក្នុងឆ្នាំ ២០២២ ដែលភាគច្រើនបានកើតឡើង បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជូនកងទ័ព ចូលទៅក្នុងប្រទេសជិតខាង កាលពីចុងខែកុម្ភៈ។
បញ្ជីនេះរួមមានប្រព័ន្ធប្រឆាំងយន្តហោះ ជាង Stinger ១ ៤០០ , អាវុធប្រឆាំងរថក្រោះ Javelin ជាង ៨ ៥០០ និងវេទិកាប្រឆាំងពាសដែក ចំនួន ៣២ ០០០ ផ្សេងទៀត ក៏ដូចជាគ្រាប់ Howitzer ចំនួន ៩៨៨ ០០០ គ្រាប់, គ្រាប់សម្រាប់ អាវុធធុនតូចចំនួន ៦០លានគ្រាប់ និងកាំភ្លើងត្បាល់រាប់ម៉ឺនគ្រាប់ គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃ៕ ប្រែសម្រួលៈ ណៃ តុលា