បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងសមុទ្រជប៉ុនជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ចំពេលមានភាពតានតឹង ជុំវិញការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សមយុទ្ធដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះ នឹងមាននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក USS Ronald Regan នាវាពិឃាតកូរ៉េខាងត្បូង Menmu the Great និងនាវាពិឃាតជប៉ុន Asahi ។
នាវា USS Ronald Reagan និងនាវាចម្បាំងអាមេរិក៣គ្រឿងផ្សេងទៀត បានមកដល់កូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដោយនាវាផ្ទុកយន្តហោះចូលចត នៅកំពង់ផែ Busan កាលពីថ្ងៃសុក្រ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយ នៃជំហានរបស់ក្រសួងការពារជាតិ ដើម្បីស្តារកិច្ចសហប្រតិបត្តិការយោធា រវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដល់កម្រិតមួយមុនឆ្នាំ២០១៧ ដើម្បីឆ្លើយតប ទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង” ៕ ប្រែសម្រួល៖ ណៃ តុលា