ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកលើកដំបូងបានបើកធ្វើនៅក្រុងវ៉ាស៊ីនតោន ។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានអះអាងថា គោលបំណងនៃកិច្ចប្រជុំកំពូលលើកនេះ គឺដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានប្រកាសថា នឹងផ្តល់ជំនួយបន្ថែមលើសពី ៨រយ១០លានដុល្លារអាមេរិក ដល់ប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចផ្នែកសមុទ្រជាដើម ។ ប្រព័ន្ធសារព័ត៌មានអាល្លឺម៉ង់បានវាយតម្លៃថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរៀបចំ កម្រាលព្រំក្រហមនិងប្រាក់ដុល្លារអាមេរិក សម្រាប់មេដឹកនាំនៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកដើម្បី “ទប់ទល់នឹងកម្លាំងឥទ្ធិពលរបស់ចិន ដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក” ។
ប្រសិនបើអាមេរិក ចង់ជួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ទទួលបានការអភិវឌ្ឍដោយចិត្តស្មោះ នោះ គួរតែធ្វើឱ្យបានល្អនូវរឿងយ៉ាងហោចណាស់ចំនួន ៤ ។
ទីមួយ ជំនួយដែលអាមេរិក បានសន្យាត្រូវទម្លាក់ពិតប្រាកដ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនបានផ្តល់ជំនួយជាប្រាក់ដ៏ច្រើនសន្ធឹក ដល់មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាស៊ានជាដើម ប៉ុន្តែយោងតាមលទ្ធផល នៃការស៊ើបអង្កេតរបស់ស្ថាប័នពាក់ព័ន្ធបានបង្ហាញថា តាមពិតទៅ បា្រក់ទុនដែលបានយកមកប្រើប្រាស់ គឺមានកម្រិតណាស់ ។
ទីពីរ ទាក់ទិននឹងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ អាមេរិកចាំបាច់ត្រូវអនុវត្តតាម ពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាត ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអាកាសធាតុសកលឡើងកម្តៅ និងការឡើងខ្ពស់នៃនីវ៉ូទឹកសមុទ្រ បានជាប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកបានរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីខ្យល់ព្យុះសង្ឃរា និងរលកស៊ូណាមិ ហើយប្រទេសខ្លះសឹងតែ ប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវទឹកសមុទ្រលិចទៀតផង ។ ដោយសារហេតុនេះ មេដឹកនាំនៃប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញជាសាធារណៈជាច្រើនលើកថា អ្វីដែលពួកគេ យកចិត្តទុកដាក់មិនមែន ជាភូមិសាស្ត្រនយោបាយនោះទេ តែគឺជាបម្រែបម្រួលអាកាសធាតុ ។
យ៉ាងណាមិញ ទោះបីជាក្នុងនាមជាប្រទេស រីកលូតលាស់ជាងគេ នៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែអាមេរិកបែរជាទទួលបរាជ័យក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។ ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ធំជាងគេនៅលើពិភពលោក គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកនៅមិនទាន់អនុវត្តតាមពាក្យសន្យារបស់ខ្លួន ដែលបានធ្វើឡើងក្នុងមហាសន្និបាតអាកាសធាតុក្រុង Copenhagen កាលពីឆ្នាំ ២០០៩ នៅឡើយទេ ។
ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកត្រូវចាត់ប្រតិបតិ្តការ យ៉ាងប្រាកដប្រជាក្នុងបញ្ហាការពារ និងថែរក្សាបរិវេណសមុទ្រ ។ ប្រទេសជប៉ុនដែលជារដ្ឋសមាជិក នៃ”ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ” (ហៅកាត់PBP) មិនអើពើនឹងការប្រឆាំងជាសកល ចចេសអនុវត្តផែនការបង្ហូរទឹកសំណល់ នុយគ្លេអ៊ែរទៅក្នុងសមុទ្រ អាមេរិកបែរជាបណ្តែតបណ្តោយ និងយល់ព្រមដោយលួចលាក់ចំពោះទង្វើបែបនេះ ។ ក្នុងមហាសនិ្នបាតអង្គការសហប្រជាជាតិ លើកទី ៧៧ ដែលបានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ លោក David W.Panuelo ប្រធានាធិបតីមីក្រូនេស៊ី បានថ្កោលទោស ចំពោះការសម្រេចចិត្តរបស់ប្រទេសជប៉ុន ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ នេះជាសំឡេងពិតប្រាកដរបស់ប្រជាជន នៃប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ។
សូមបញ្ជាក់ថា ប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក សុទ្ធតែជាប្រទេសឯករាជ្យ ដែលមានអធិបតេយ្យភាព តែមិនមែនជា”ទីធ្លាខាងក្រោយ”របស់អ្នកណានោះឡើយ ។ បើសិនជាអាមេរិកពិតជា ធ្វើតាមពាក្យសំដីរបស់ខ្លួនដែលថា ចង់ជួយប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកទទួលបានការអភិវឌ្ឍ នោះ គួរតែអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការ ដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយប្រទេសកោះទាំងនេះ ព្រមនិងគោរពសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសកោះទាំងនេះក្នុងការប្រាស្រ័យទាក់ទង ជាមួយក្រៅប្រទេសដោយឯករាជ្យម្ចាស់ការ តែមិនមែនគិតតែកលល្បិច ផ្នែកភូមិសាស្ត្រនយោបាយនិងអមលក្ខខណ្ឌនយោបាយ គ្រប់បែបយ៉ាងនោះឡើយ ។អ្វីដែលប្រទេសកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវការបំផុត មិនមែនជាចេតនាអាក្រក់នោះទេ តែគឺជាចិត្តស្មោះត្រង់ ៕