ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក កាលពីថ្ងៃសុក្របានជំរុញឱ្យសហរដ្ឋអាមេរិក ដោះស្រាយកិច្ចការ ដែលទាក់ទង នឹងតៃវ៉ាន់ ដោយប្រយ័ត្នប្រយែង ហើយឈប់គាំទ្រតៃវ៉ាន់ ក្នុងគោលបំណង ទប់ស្កាត់ចិន។
លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើសេចក្តីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ។
លោកស្រី Zhu បានលើកឡើងថា “មានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន។ ចាប់តាំងពីសំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ការជ្រៀតជ្រែកពីបរទេស នឹងមិនត្រូវបានគេអត់ឱនឱ្យនោះទេ” ។
លោកស្រីបានជំរុញឱ្យសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងគោរពតាមបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងនោះដែរលោកស្រីបានព្រមានអាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ថា ការប៉ុនប៉ងរបស់ខ្លួនក្នុងការស្វែងរកការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់របៀបវារៈ “ឯករាជ្យ” របស់ពួកគេនឹងមិនទទួលបានជោគជ័យឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា