ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភ ជុំវិញរដ្ឋប្រហារនៅប៊ូគីណាហ្វាសូ

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសប៊ូគីណាហ្វាសូ បន្ទាប់ពីរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតីលោក Paul-Henri Sandaogo Damiba ។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ “ថ្កោលទោសយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងដណ្តើមអំណាច ដោយកម្លាំងប្រដាប់អាវុធ ហើយអំពាវនាវឱ្យតួអង្គទាំងអស់ ជៀសវាងអំពើហិង្សា និងស្វែងរកការសន្ទនា” ។

មេបញ្ជាការកងទ័ពប៊ូគីណាហ្វាសូ លោក Ibrahim Traore បានប្រកាសកាលពីយប់ថ្ងៃសុក្រថា ប្រធានាធិបតី Damiba ត្រូវបានបណ្តេញចេញពីតំណែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សំឡេងកាំភ្លើង​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​រដ្ឋធានី Ouagadougou កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។ ការចូលទៅកាន់វិមានប្រធានាធិបតី ទូរទស្សន៍សាធារណៈ និងចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងទីក្រុង ត្រូវបានរារាំងដោយទាហាន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកអគ្គលេខាធិការ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ឆ្ពោះទៅរកការវិលត្រឡប់យ៉ាងឆាប់រហ័ស ទៅកាន់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេស។

លោកបន្ដថា ប្រទេសប៊ូគីណាហ្វាសូ ត្រូវការសន្តិភាព ស្ថិរភាព និងឯកភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងបណ្តាញឧក្រិដ្ឋកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់មួយចំនួននៃប្រទេស” ។

លោក Guterres ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត របស់អង្គការសហប្រជាជាតិ ក្នុងការរួមដំណើរជាមួយប្រជាជនប៊ូគីណាហ្វាសូ ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង។

ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​សុក្រ គឺជា​ការ​ធ្វើ​រដ្ឋប្រហារ​លើក​ទី​ពីរក្នុង​ឆ្នាំ​នេះ ​នៅ​ប្រទេសប៊ូគីណាហ្វាសូ។ នៅក្នុងនោះដែរនៅ​ថ្ងៃ​ទី២៤ ខែ​មករា ប្រធានាធិបតីលោក Roch Kabore ត្រូវ​បាន​ផ្ដួល​រំលំពីតំណែង ហើយលោក Damiba បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ៕​ ​ប្រែសម្រួល ឈូក បូរ៉ា

To Top