យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុង ប្រទេសប៊ូគីណាហ្វាសូ បន្ទាប់ពីរដ្ឋប្រហារទម្លាក់ ប្រធានាធិបតីលោក Paul-Henri Sandaogo Damiba ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ “ថ្កោលទោសយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងដណ្តើមអំណាច ដោយកម្លាំងប្រដាប់អាវុធ ហើយអំពាវនាវឱ្យតួអង្គទាំងអស់ ជៀសវាងអំពើហិង្សា និងស្វែងរកការសន្ទនា” ។
មេបញ្ជាការកងទ័ពប៊ូគីណាហ្វាសូ លោក Ibrahim Traore បានប្រកាសកាលពីយប់ថ្ងៃសុក្រថា ប្រធានាធិបតី Damiba ត្រូវបានបណ្តេញចេញពីតំណែង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សំឡេងកាំភ្លើងត្រូវបានគេឮនៅក្នុងរដ្ឋធានី Ouagadougou កាលពីព្រឹកថ្ងៃសុក្រ។ ការចូលទៅកាន់វិមានប្រធានាធិបតី ទូរទស្សន៍សាធារណៈ និងចំណុចយុទ្ធសាស្ត្រមួយចំនួននៅក្នុងទីក្រុង ត្រូវបានរារាំងដោយទាហាន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកអគ្គលេខាធិការ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ឆ្ពោះទៅរកការវិលត្រឡប់ យ៉ាងឆាប់រហ័សទៅកាន់សណ្តាប់ធ្នាប់ រដ្ឋធម្មនុញ្ញនៅក្នុងប្រទេស។
លោកបន្ដថា ប្រទេសប៊ូគីណាហ្វាសូ ត្រូវការសន្តិភាព ស្ថិរភាព និងឯកភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងបណ្តាញឧក្រិដ្ឋកម្មដែលកំពុង ប្រតិបត្តិការនៅក្នុងតំបន់ មួយចំនួននៃប្រទេស” ។
លោក Guterres ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការរួមដំណើរជាមួយ ប្រជាជនប៊ូគីណាហ្វាសូ ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង។
ការធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រ គឺជាការធ្វើរដ្ឋប្រហារលើកទីពីរ ក្នុងឆ្នាំនេះនៅប្រទេសប៊ូគីណាហ្វាសូ។ នៅក្នុងនោះដែរនៅថ្ងៃទី២៤ ខែមករា ប្រធានាធិបតីលោក Roch Kabore ត្រូវបានផ្ដួលរំលំពីតំណែង ហើយលោក Damiba បានស្បថចូលកាន់តំណែងនៅថ្ងៃទី១៦ ខែកុម្ភៈ ៕
ប្រែសម្រួល ឈូក បូរ៉ា