គៀវ៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃអាទិត្យ បានព្រមានថា សកម្មភាព របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន កំពុងបង្កើនហានិភ័យ នៃការវាយប្រហារនុយក្លេអ៊ែរ ។
លោក ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់លោកនៅលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដោយបង្កើនការព្រួយបារម្ភភ្លាមៗថា លោកអាចបញ្ជាឱ្យប្រើប្រាស់ អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ។
បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាង ៧ខែ ការព្រួយបារម្ភអំពីការប្រើអាវុធ នុយក្លេអ៊ែរ បានកើនឡើង នៅពេលដែលកងទ័ពរុស្ស៊ី បានតស៊ូដើម្បីសម្រេចបាននូវគោលដៅសំខាន់ៗ របស់ពួកគេ ហើយត្រូវបានបង្ខំ ឱ្យដកថយពីទីក្រុងសំខាន់ៗវិញ។
អ្នកជំនាញបារម្ភថា លោកពូទីន ប្រឈមមុខនឹងការបរាជ័យ អាចងាកទៅរកការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ប្រសិនបើលោកជឿថា លោកគ្មានជម្រើសផ្សេងទៀត ដើម្បីទទួលជ័យជម្នះប្រឆាំង នឹងទីក្រុងគៀវនោះ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានចូលរួមសម្តែងការព្រួយបារម្ភ អំពីការប្រើ អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃអាទិត្យ ។ ជារឿយៗ លោកបានថ្កោលទោស ការលុកលុយរបស់លោក ពូទីន ដោយបង្កើនការព្រួយបារម្ភ អំពីផលប៉ះពាល់មនុស្សធម៌ ប៉ុន្តែលោកបានធ្វើការអង្វរ ដោយផ្ទាល់បំផុត ជាមួយមេដឹកនាំរុស្ស៊ី ក្នុងអំឡុងពេលការអធិស្ឋាន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានមានប្រសាសន៍ប្រាប់ The Moscow Times ថា “ខ្ញុំសូមសម្តែងការ សោកស្តាយយ៉ាងខ្លាំង ចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលបានកើតឡើង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងសកម្មភាពបន្ថែមទៀត ដែលផ្ទុយទៅនឹង គោលការណ៍ នៃច្បាប់អន្តរជាតិ។ វាបង្កើនហានិភ័យ នៃការកើនឡើង នៃការប្រើអាវុធនុយក្លេអ៊ែរ ដែលបណ្តាលឱ្យមានការភ័យខ្លាច ចំពោះផលវិបាក ដែលមិនអាចគ្រប់គ្រងបាន និងមហន្តរាយ នៅទូទាំងពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា