រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប ចងទំនាក់ទំនងរបស់ពួកគេ ជាមួយអ៊ីស្រាអែលចំពោះការ ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដំណោះស្រាយរបស់ អង្គការសហប្រជាជាតិ និងគោលការណ៍សិទ្ធិមនុស្ស។
ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហគមន៍អន្តរជាតិ “តម្រូវឱ្យអ៊ីស្រាអែល ទទួលខុសត្រូវដោយផ្ទាល់ ចំពោះការកើនឡើងភាពតានតឹងនៅតំបន់ West Bank ប្រឆាំងនឹងប៉ាឡេស្ទីន ហើយត្រូវដាក់សម្ពាធពិតប្រាកដ លើប្រទេសនេះឱ្យបញ្ឈប់វាភ្លាមៗ” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អ៊ីស្រាអែលទទូចឱ្យស្ថានការណ៍ កាន់តែកើនឡើង ហើយយើងមើលយ៉ាងយកចិត្ត ទុកដាក់ពីគ្រោះថ្នាក់នៃការ កើនឡើងភាពតានតឹងនេះ ដែលបម្រើផលប្រយោជន៍របស់ខ្លួន”។
ការអំពាវនាវនេះបានធ្វើឡើង មុនកិច្ចប្រជុំលើកទី១២ នៃក្រុមប្រឹក្សាសមាគមអឺរ៉ុប-អ៊ីស្រាអែល ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល។ កិច្ចប្រជុំនេះនឹងគ្របដណ្តប់ លើប្រធានបទដូចជា ពាណិជ្ជកម្ម ថាមពល ការប្រែប្រួលអាកាសធាតុ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ជំនួបនេះធ្វើឡើងចំពេល មានភាពតានតឹងដែលកំពុងបន្ត រវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចាប់តាំងពីដើមខែមករាមក ជនជាតិប៉ាឡេស្ទីនជាង ១០០នាក់ ត្រូវបានសម្លាប់ដោយទាហាន អ៊ីស្រាអែលនៅតំបន់ West Bank នេះបើយោងតាមតួលេខ ផ្លូវការរបស់ប៉ាឡេស្ទីន។ ផ្ទុយទៅវិញ មានតែជនជាតិអ៊ីស្រាអែល ១៨នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលធ្វើឡើងដោយប៉ាឡេស្ទីន នៅក្នុងទីក្រុងនានារបស់ អ៊ីស្រាអែលចាប់តាំងពីខែមីនា ៕
ប្រែសម្រួល ឈូក បូរ៉ា