ព័ត៌មានអន្តរជាតិ

Update: ករណីរត់ជាន់គ្នា នៅឯពហុកីឡដ្ឋាន បាល់ទាត់ នៅក្នុង ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ កុមារអស់៣២នាក់

ម៉ាឡាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា មន្ត្រីរដ្ឋាភិបាលមួយរូបបានលើកឡើងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ក្នុងចំណោមកុមារ បន្ទាប់ពីការរត់ជាន់គ្នា ក្នុងកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្តាហ៍ បានកើនដល់៣២នាក់ ដែលពីមុនមានចំនួន ១៧នាក់ ។

អាយុរបស់កុមារ មានចាប់ពី៣ទៅ១៧ឆ្នាំ Nahar មន្ត្រីនៅក្រសួងផ្តល់សិទ្ធិអំណាចស្ត្រី និងការពារកុមារបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះ ។

ក្រុមអាជ្ញាធរបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូនេស៊ី បានបង្កើតក្រុមឯករាជ្យមួយដើម្បីស៊ើបអង្កេតការប៉ះទង្គិចក្រុមមនុស្សនៅឯកីឡដ្ឋានបាល់ទាត់ដែលបានបណ្តាលឲ្យ ស្លាប់មនុស្សអស់ចំនួន ១២៥នាក់ ខណៈដែលគណៈកម្មាធិការសិទ្ធិមនុស្ស របស់ប្រទេសនេះ បានសាកសួរប៉ូលិស ដែលប្រើឧស្ម័នបង្ហូរទឹកភ្នែក ។

អ្នកទស្សនាដែលភ័យស្លន់ស្លោ បានរត់ជាន់គ្នា ខណៈដែលពួកគេព្យាយាមរត់គេចពីកីឡដ្ឋានដែលផ្ទុកលើសចំណុះក្នុងទីក្រុង ម៉ាឡាង (Malang) រដ្ឋ East Java កាលពីថ្ងៃសៅរ៍ បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអ្នកគាំទ្រពីក្រុមម្ចាស់ផ្ទះដែលចាញ់ដែលបានរត់ទៅលើទីលាននៅចុងបញ្ចប់នៃការប្រកួត BRI Liga 1 ក្នុង លិក នៅក្នុងស្រុក ។

អ្នកនាង Endah Wahyuni បងស្រីរបស់ក្មេងប្រុស២នាក់គឺ Ahmad Cahyo អាយុ១៥ឆ្នាំ និង Muhammad Farel អាយុ១៤ឆ្នាំដែលបានស្លាប់បន្ទាប់ពីត្រូវបានគេចាប់បានបានឲ្យដឹងថា “គ្រួសាររបស់ខ្ញុំ និងខ្ញុំមិនគិតថា វានឹងក្លាយទៅជាដូចនេះទេ”  ។

“ពួកគេចូលចិត្តបាល់ទាត់ ប៉ុន្តែមិនដែលមើល Arema ផ្ទាល់នៅកីឡដ្ឋាន Kanjuruhan ទេ នេះជាលើកទី១របស់ពួកគេ”  ។ នាងបានឲ្យដឹងនៅក្នុងពិធីបុណ្យសពរបស់បងប្អូននាងកាលពីថ្ងៃអាទិត្យ ដោយសំដៅទៅលើក្រុមម្ចាស់ផ្ទះដែលពួកគេគាំទ្រ ។

រដ្ឋមន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់សំណងចំនួន៥០លានរូពី ស្មើនឹង៣.២៦៨ដុល្លារអាមេរិកដល់គ្រួសារជនរងគ្រោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top