តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់នឹងការទណ្ឌកម្ម និងបង្ហាញអាកប្បកិរិយា “ស្ថាបនា” ប្រសិនបើខ្លួនស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាម នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយដូច្នេះ ។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេហរ៉ង់ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងទទួលរងពីភាពមិនស៊ីសង្វាក់គ្នា និងផ្ទុយស្រឡះ ហើយបរាជ័យក្នុងការមានឆន្ទៈនយោបាយសម្រាប់ការបន្តការចរចានុយក្លេអ៊ែរ។
លោកបានកត់សម្គាល់ថា កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការដកទណ្ឌកម្មកំពុងបន្តតាមរយៈសហភាពអឺរ៉ុប ហៅកាត់ (EU) ជាអ្នកសម្របសម្រួលការចរចា ដោយបានលើកឡើងថា សម័យប្រជុំលើកទី៧៧នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉កបានផ្តល់ឱកាសដ៏ល្អសម្រាប់កិច្ចពិភាក្សាស្តីពី បញ្ហា និងសារប្រយោលត្រូវបានដោះដូររវាងក្រុងតេហរ៉ង់ និងក្រុងវ៉ាស៊ីនតោន ។
គួរបញ្ជាក់ថា អ៊ីរ៉ង់នៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ល្អ” និងរឹងមាំ” ក៏ដូចជាលទ្ធផលអំណោយផល ហើយបានដាក់ការឆ្លើយតបរបស់ខ្លួនចំពោះសេចក្តីព្រាងចុងក្រោយដែលបានស្នើឡើងរបស់សហភាពអឺរ៉ុបនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលមួយ។
លោក Kanaani បានធានាថា ដំណើរការនៃការផ្លាស់ប្តូរសារកំពុងបន្ត ហើយអ៊ីរ៉ង់បានបង្ហាញសេចក្តីសន្និដ្ឋានរបស់ខ្លួនអំពីការចរចាទៅកាន់សហភាពអឺរ៉ុប ។
លោកបានថ្លែងថា វានៅតែអាចឈានដល់កិច្ចព្រមព្រៀងមួយ និងបន្តការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ដោយលោកសង្កត់ធ្ងន់ថា នៅគ្រាដែលភាគីអាមេរិកបង្ហាញឆន្ទៈនយោបាយរបស់ខ្លួន កិច្ចព្រមព្រៀងនេះអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លី ។
គេបានដឹងថា ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម ហៅកាត់ (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា២០១៥ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា បានដកក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញលើក្រុង តេហរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា