ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្ដឹងកាសែត CNN ទាមទារសំណង ៤៧៥លានដុល្លារ

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងប្តឹងកាសែត CNN ពីបទបរិហារកេរ្តិ៍ និងទាមទារសំណងចំនួន ៤៧៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោក ត្រាំ ដែល​ជា​សមាជិកគណបក្ស​ សាធារណរដ្ឋ​បាន​អះអាង​ថា បណ្តាញ​នេះ​បាន​ធ្វើ​ “យុទ្ធនាការ​នៃ​ការ​ប្រមាថ និង​ការ​បង្កាច់​បង្ខូច” ប្រឆាំង​នឹង​លោក។ បណ្តឹងរបស់ពាណិជ្ជករ កំពូលរូបនេះអះអាងថា កាសែត CNN បានប្រើប្រាស់ឥទ្ធិពល ដ៏សន្ធឹកសន្ធាប់របស់ខ្លួន ក្នុងនាមជាអង្គភាពព័ត៌មានឈានមុខគេ ដើម្បីកម្ចាត់លោកផ្នែកនយោបាយ។

លោក ដូណាល់ ត្រាំ បាន​ដាក់​សំណុំរឿង​នេះ ​នៅ​តុលាការ​ស្រុក​អាមេរិក​ក្នុង​ទីក្រុង Fort Lauderdale រដ្ឋ Florida កាលពី​ថ្ងៃ​ចន្ទ ប៉ុន្ដែខាងកាសែត CNN បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើករណីនេះទេ។

ពាក្យបណ្តឹងដែលមាន ២៩ទំព័ររបស់លោក ត្រាំ បានលើកឡើងថា កាសែត CNN មានកំណត់ត្រាវែងឆ្ងាយនៃការរិះគន់លោក ហើយបានបង្កើនការរិះគន់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការភ័យខ្លាចថា លោកនឹងឈរឈ្មោះប្រចែង យកតំណែងជាប្រធានាធិបតីជាថ្មី នៅឆ្នាំ២០២៤ ។

ខ្លឹមសារពាក្យបណ្ដឹងទាមទារបានឲ្យដឹង “ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់ខ្លួនដើម្បីបង្វែរតុល្យភាព នយោបាយទៅខាងឆ្វេង ទូរទស្សន៍ CNN បានព្យាយាមធ្វើឱ្យដើមបណ្តឹង ធ្វើឱ្យខូចឈ្មោះជាមួយនឹងស្លាកសញ្ញាអាស្រូវ ក្លែងក្លាយ និងបង្ខូចកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់នៃ “អ្នករើសអើងជាតិសាសន៍” “អ្នកបម្រើរុស្ស៊ី” “អ្នកបះបោរ” ហើយទីបំផុតប្រដូចរូបលោកទៅនឹងហ៊ីត្លែរ។

ពាក្យបណ្តឹងនេះបានរាយ បញ្ជីករណីជាច្រើនដែល CNN ហាក់ដូចជាប្រៀបធៀបលោក ត្រាំ អាយុ ៧៦ឆ្នាំទៅនឹង Adolf Hitler រួមទាំងរបាយការណ៍ពិសេសខែមករា ឆ្នាំ២០២២ ដោយម្ចាស់ផ្ទះ Fareed Zakaria ដែលរួមបញ្ចូលវីដេអូ របស់មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top