ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ឆ្លើយតបទៅនឹង ការទាមទារសំណង របស់ប៉ូឡូញទឹកប្រាក់ទំហំ ១,២ទ្រីលានដុល្លារ

បរទេស៖ រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងប្រាប់ ទៅកាន់សមភាគីខាងប៉ូឡូញ របស់លោកស្រីថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង គឺបដិសេធទាំងស្រុង នូវការទាមទារ សំណងបន្ថែមទៀត សម្រាប់បញ្ហាសង្គ្រាមលោកទី២ ហើយនឹងពិចារណាថា ជាករណីដែលត្រូវបាន ចប់រួចរាល់។

ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេស ប៉ូឡូញ Zbigniew Rau នៅក្នុងទីក្រុង Warsaw លោកស្រី Baerbock បាននិយាយថា លោកស្រីបានយល់ឃើញថា ប្រធានបទនេះ ពិតជាបានទាក់ទាញមនុស្សជាច្រើន មកតាមដានយ៉ាងខ្លាំង នៅក្នុងប្រទេសប៉ូឡូញ ប៉ុន្តែ អាល្លឺម៉ង់ ក៏ធ្លាប់បានបញ្ជាក់រួចមកហើយ អំពីទំនួលខុសត្រូវ របស់ខ្លួន។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍ របស់លោកស្រីរដ្ឋមន្ត្រីការបរទេស រូបនេះ បានធ្វើឡើងបន្ទាប់ពី ប៉ូឡូញបានចុះហត្ថលេខា លើលិខិត មួយទៅកាន់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ដើម្បីទាមទារប្រាក់សំណង ប្រមាណជា១,២ទ្រីលានដុល្លារ បន្ថែមទៀត ចំពោះការខូចខាត និងបាត់បង់ ដែលប៉ូឡូញបានទទួល ពីណាហ្ស៊ីសអាល្លឺម៉ង់ កាលពីចន្លោះឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥៕

ប្រែសម្រួល៖ស៊ុនលី

To Top