បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ដើម្បីអាចបន្តការចរចាគ្នា ដើម្បីសន្តិភាពឡើងវិញ ជាមួយនឹងរដ្ឋាភិបាលក្រុងគៀវនោះ រដ្ឋាភិបាលក្រុងមូស្គូ ប្រហែលជានឹងត្រូវរងចាំ រហូតដល់មានការកែប្រែជំហសាជាថ្មី ដោយប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន ឬរហូតដល់មានការមកដល់នៃ មេដឹកនាំថ្មីរបស់អ៊ុយក្រែន។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ របស់រុស្សីរូបនេះបានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើ លិខិតមួយក្នុងការបដិសេធមិនព្រម មានជំនួបដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin ឡើយ។
លោក Peskov បានបន្តទៀតថា៖ ពួកយើងនឹងបន្តរងចាំរហូតដល់ មានការផ្លាស់ប្តូរនូវជំហថ្មី របស់លោកប្រធានាធិបតីអ៊ុយក្រែន ឬរហូតដល់មានការមកដល់ នៃមេដឹកនាំថ្មីរបស់អ៊ុយក្រែន ដែលមនុស្សម្នាក់នោះនឹងធ្វើការកែប្រែអ៊ុយក្រែន ដើម្បីអត្ថប្រយោជន៍ សម្រាប់ពលរដ្ឋអ៊ុយក្រែន។
មុននោះបន្តិចផងដែរលោក Zelensky បានធ្វើការថតជាវិដេអូ ដោយមានការលើកឡើងបែប ជាការឌឺដងទៅកាន់ ប្រទេសរុស្សីផងដែរថា៖ អ៊ុយក្រែនរបស់យើងគឺ បានត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការចរចា
និងពិភាក្សាជាមួយនឹងរុស្សី ប៉ុន្តែជាមួយនឹងប្រធានាធិបតីថ្មី របស់ប្រទេសរុស្សីតែប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី