ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន ចុះហត្ថលេខាលើក្រឹត្យ ច្រានចោលការចរចាទាំងឡាយណា ដែលធ្វើឡើងជាមួយលោក ពូទីន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីដាក់ឱ្យចូលជាធរមាន នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដែលច្រានចោលការចរចាណាមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

ឯកសារដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់លោក ហ្សេឡិនស្គី បានឲ្យដឹងថា NSDC របស់អ៊ុយក្រែន បានចាត់ទុកការពិភាក្សាជាមួយលោក ពូទីន “មិនអាចទៅរួចនោះទេ” ។

ជាមួយនឹងក្រឹត្យរបស់លោកខាងលើនេះ លោក ហ្សេឡិនស្គី ក៏បានណែនាំរដ្ឋាភិបាល ឱ្យរៀបចំសំណើ សម្រាប់ការបង្កើតប្រព័ន្ធធានា សន្តិសុខពហុកម្រិត ដែលត្រូវបានរចនាឡើង ដើម្បីជំរុញសក្តានុពលការពារជាតិ របស់អ៊ុយក្រែន។

កាលពីថ្ងៃទី៣០ ខែកញ្ញា NSDC បានអនុម័តសេចក្តីសម្រេចមួយ ក្នុងគោលបំណងធានាសន្តិសុខអ៊ុយក្រែន និងស្ដារឡើងវិញនូវ បូរណភាពទឹកដីរបស់ខ្លួន បន្ទាប់ពីការទទួលស្គាល់ជាផ្លូវការ របស់ទីក្រុងម៉ូស្គូចំពោះ តំបន់អ៊ុយក្រែនចំនួន ៤ ដែលត្រូវបានគ្រប់គ្រងដោយផ្នែក ដោយរុស្ស៊ីជាទឹកដីរបស់រុស្ស៊ី។

គួរបញ្ជាក់ថា អ្នក​ចរចា​អ៊ុយក្រែន​និង​រុស្ស៊ី​ បាន​បើក​កិច្ច​ចរចា​សន្តិភាព​ទល់​មុខ​គ្នា ​ចុង​ក្រោយ​បង្អស់​នៅ​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top