បាងកក ៖ ទេសាភិបាលធនាគារកណ្តាល របស់ប្រទេសថៃ បានឲ្យដឹងថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេស អាស៊ីអាគ្នេយ៍ នឹងនៅដដែល បើទោះបីជាមានការប្រែប្រួល សេដ្ឋកិច្ចពិភពលោកក៏ដោយ ។
លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារ កណ្តាលថៃ (BOT) បានប្រាប់សិក្ខា សាលាធុរកិច្ចថា សេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២២ និង ៣,៨ភាគរយនៅឆ្នាំ២០២៣ ដែលជំរុញដោយការ កែលម្អការប្រើប្រាស់ និងវិស័យទេសចរណ៍ ។
BOT រំពឹងថា ចំនួនភ្ញៀវទេសចរបរទេស នឹងកើនឡើងដល់ ៩,៥លាននាក់នៅឆ្នាំនេះ និង ២១ លាននាក់ នៅឆ្នាំក្រោយ ធៀបនឹងជាង ៤០ម៉ឺន នាក់ក្នុងឆ្នាំ២០២១ និងកម្រិតខ្ពស់បំផុតជិត ៤០ លាននាក់ក្នុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាត ។
យោងតាមក្រសួងទេសចរណ៍ និងកីឡា បានឱ្យដឹងថា ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរចំនួន ៤,៣៨លាននាក់ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Sethaput បានលើក៉ើងថា កំណើនអតិផរណានឹងឈរនៅ ៧,៣ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះមកត្រឹម ២,៦ភាគរយនៅឆ្នាំ២០២៣ ក្នុងរង្វង់គោលដៅប្រចាំឆ្នាំចន្លោះពី ១-៣ភាគរយ។
យោងតាមទិន្នន័យពីក្រសួង ពាណិជ្ជកម្ម បានឱ្យដឹងថា ដោយសារការកើនឡើង នៃតម្លៃថាមពល និងអាហារ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ របស់ប្រទេសថៃ ដែលជារង្វាស់ អតិផរណា ដ៏សំខាន់ បានកើនឡើង ៧,៨៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែសីហា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ ៕
ប្រែសម្រួល ឈូក បូរ៉ា