ព័ត៌មានអន្តរជាតិ

អាមេរិក ផ្ដល់កញ្ចប់ជំនួយសន្ដិសុខថ្មី សម្រាប់អ៊ុយក្រែន ក្រោយរុស្ស៊ី ប្រកាសបញ្ចូនទឹកដី ដែលខ្លួនកាន់កាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាផ្តល់ជំនួយសន្តិសុខថ្មីចំនួន ៦២៥លានដុល្លារ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ចូលផ្នែកដែលកាន់កាប់របស់អ៊ុយក្រែន នៅក្នុងការបង្ហាញនៃការបន្តគាំទ្រ ដើម្បីជួយក្រុងគៀវ ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ការអំពាវនាវនេះមានគោលបំណងគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹង “មិនដែលទទួលស្គាល់” ការប៉ុនប៉ងរឹបអូសរបស់រុស្ស៊ី លើតំបន់ចំនួន៤ នៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែន ដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រកាសកាលពីសប្តាហ៍មុននោះទេ នេះបើយោងតាមសេតវិមាន។

សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានសន្យាថា នឹងបន្តគាំទ្រអ៊ុយក្រែន ខណៈដែលនឹងការពារអ៊ុយក្រែន ពីការឈ្លានពានរបស់រុស្ស៊ី ដរាបណាប្រទេសនេះត្រូវការ” ។

លោក បៃដិន ក៏បានបញ្ជាក់ទៅកាន់ ហ្សរឡិនស្គី អំពីការបន្តការត្រៀមខ្លួន ដើម្បីដាក់ “ការចំណាយយ៉ាងច្រើងបន្ថែមទៀត” ពោលមានន័យថា ការដាក់ទណ្ឌកម្មលើបុគ្គល អង្គភាព ឬប្រទេសណាមួយ ដែលផ្តល់ការគាំទ្រដល់ការបញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ី នេះបើយោងតាមសេតវិមាន។

មន្ទីរបញ្ចកោណបានឲ្យដឹងថា កញ្ចប់សុវត្ថិភាពចុងក្រោយបំផុតនឹងនាំមកនូវជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ដល់ទៅជាង ១៦,៨ពាន់លានដុល្លារចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

នៅក្នុងកញ្ចប់ជំនួយថ្មីនេះ រួមបញ្ចូលទាំងប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ចំនួន ៤គ្រឿង ដែលគេស្គាល់ថា HIMARs គ្រាប់រំសេវពាក់ព័ន្ធ និងរថយន្តធន់នឹងមីនចំនួន ២០០គ្រឿង ។

ខណៈពេលដែលការព្រួយបារម្ភនៅតែបន្តកើតមាន ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏មានសក្ដានុពលរបស់រុស្ស៊ី នៅក្នុងសង្គ្រាមដែលកំពុងបន្ត លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក បានចាត់វិធានការណ៍នុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែវាមិនបានឃើញហេតុផលណាមួយដើម្បី កែ​សម្រួល​ឥរិយាបថ​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន ហើយ​យើង​ក៏​មិន​មាន​ការ​បង្ហាញ​ថា រុស្ស៊ី​កំពុង​រៀបចំ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ទាន់​ដែរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top