CNN៖ សហរដ្ឋអាមេរិក និង ប្រទេសកូរ៉េខាងត្បូង បានបាញ់បង្ហោះមីស៊ីលចំនួន៤គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក, នេះបើយោងតាមអគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការធ្វើតេស្តនេះ គឺជាសមយុទ្ធលើកទីពីរ របស់សម្ព័ន្ធមិត្តទាំងពីរក្នុងរយៈពេលតិចជាង ២៤ ម៉ោងបន្ទាប់ពីការបាញ់សាកល្បង បង្កហេតុកាលពីព្រឹកថ្ងៃអង្គារ ដោយប្រទេសជិតខាង គឺកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលផ្លោង ដោយគ្មានការព្រមាន លើប្រទេសជប៉ុននៅក្នុងការកើនឡើង គួរឱ្យកត់សម្គាល់នៃកម្មវិធីសាកល្បង អាវុធរបស់ខ្លួន។
ដំបូងឡើយ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានឆ្លើយតបទៅនឹងការបង្កហេតុនេះ ជាមួយនឹងសមយុទ្ធ ទម្លាក់គ្រាប់បែក ដ៏ជាក់លាក់មួយកាលពីថ្ងៃអង្គារ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-15K របស់កូរ៉េខាងត្បូង បានបាញ់ទម្លាក់គ្រាប់បែកពីលើអាកាស ពីរគ្រាប់ ទៅកាន់គោលដៅនិម្មិតមួយ នៅក្នុងរយៈចម្ងាយបាញ់មួយ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង។
សម្ព័ន្ធមិត្តជាធម្មតាឆ្លើយតបទៅនឹង ការសាកល្បងកាំជ្រួច ដោយកូរ៉េខាងជើង ជាមួយនឹងសមយុទ្ធយោធា៕
ប្រែសម្រួលៈ ណៃ តុលា