ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ផ្លោង ២គ្រាប់ទៀត សំដៅទៅ​សមុទ្រ​ជប៉ុន​នៅព្រឹកនេះ

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការបាញ់បង្ហោះជុំទី៦ ដោយទីក្រុងព្យុងយ៉ាង ចាប់តាំងពីចុងខែកញ្ញាមក។

រដ្ឋមន្ត្រីការពារជាតិលោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់មីស៊ីលទាំងនោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយបានហោះក្នុងចម្ងាយពី ៣៥០ ទៅ ៨០០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាពី ៥០ ទៅ ១០០ គីឡូម៉ែត្រ។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ពីក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់សមុទ្រជប៉ុន ចន្លោះម៉ោង៦ព្រឹក ដល់ម៉ោង៦ និង២៣នាទីព្រឹក។

ការបាញ់បង្ហោះនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោង ពីលើប្រជុំកោះជប៉ុន ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ក្រោមហេតុផលនៃសមយុទ្ធយោធារួមគ្នា ដែលធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះដោយថា ខ្លួន “ថ្កោលទោសយ៉ាងខ្លាំង” ដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ចំពោះការលើកយកមីស៊ីលផ្លោងរបស់ខ្លួន កាលពីថ្ងៃអង្គារ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រសួងបានឲ្យដឹងថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយ “គ្រាន់តែជាវិធានការតបត” ក្នុងការឆ្លើយតបទៅនឹងសមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗបន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលជប៉ុន ទាក់ទងនឹងការបាញ់មីស៊ីលនោះ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានថ្កោលទោសការបាញ់មីស៊ីលម្តងហើយម្តងទៀត របស់កូរ៉េខាងជើង ក្នុងរយៈពេលដ៏ខ្លីថា “មិនអាចទទួលយកបានជាដាច់ខាត”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top