គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវកំពុងធ្វើការពិភាក្សា លើការបន្តកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិសំខាន់ៗ ដែលនឹងផុតកំណត់នៅខែក្រោយ។
លោក Podolyak បានលើកឡើងថា អ៊ុយក្រែនមិនធ្វើការចរចា ដោយផ្ទាល់ជាមួយរុស្ស៊ីនោះទេ ប៉ុន្តែពាក់ព័ន្ធនឹង ការសន្ទនាជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅក្នុងក្រុមចរចា។
ដោយពណ៌នាកិច្ចពិភាក្សានេះថា “លំបាក” លោក Podolyak បានសម្តែងក្តីសង្ឃឹមរបស់លោកថា អ៊ុយក្រែន នឹងគ្រប់គ្រង ដើម្បីបន្តអាណត្តិលើការនាំចេញ គ្រាប់ធញ្ញជាតិពីកំពង់ផែរបស់ខ្លួន។
នៅថ្ងៃទី២២ ខែកក្កដា អ៊ុយក្រែន និងរុស្ស៊ី បានចុះហត្ថលេខាដោយឡែក ពីគ្នាជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបន្តការដឹកជញ្ជូនអាហារ និងជីពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។
ចាប់តាំងពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅថ្ងៃទី១ ខែសីហា នាវាសរុបចំនួន ២៧៤គ្រឿង ដែលផ្ទុកផលិតផលកសិកម្មចំនួន ៦,២លានតោន បានចាកចេញពីកំពង់ផែអ៊ុយក្រែន សម្រាប់បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក នេះបើយោងតាមក្រសួងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា