ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញជំហរយ៉ាងច្បាស់លាស់ លើការបាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ពីសំណាក់ប្រទេសកូរ៉េខាងជើង ដោយក្នុងនោះសម្ដេចថានេះ មិនមែនជារឿងលេងសើចនោះទេ។ ការបញ្ចេញប្រតិកម្មរបស់ នាយករដ្ឋមន្រ្តីកម្ពុជានេះ ជាលើកទី២ហើយ ហើយក៏បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីល ២ទៀតឆ្លងកាត់ជប៉ុន កាលពីថ្ងៃ៦ តុលា។
ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមជារាជរដ្ឋាភិបាល ត្រូវយកគិតគូជាមុន ត្រៀមម្ចាស់ការជាមុន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ដែលអាចកើតមាន រាប់ទាំងសភាពការណ៍ ដែលមិនទាន់ច្បាស់លាស់ តើអាចកើតមានសង្គ្រាមនុយក្លេអ៊ែរឬទេ បើមានការព្រមានគ្នា ជាប្រចាំថ្ងៃយ៉ាងដូច្នេះ។
សម្ដេចបញ្ជាក់ថា “រឿងរ៉ាវអកុសលម្សិលម្ង៉ៃ គឺបាញ់មីស៊ីលឆ្លងកាត់ពីកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន មិនមែនជារឿងលេងសើចនោះទេ។ កម្ពុជាបានធ្វើការថ្កោលទោស ក្នុងពេលចរចាជាមួយ នាយករដ្ឋមន្ដ្រីគុយបា។ នេះជាការគំរាមកំហែង ដល់សន្ដិសុខក្នុងតំបន់ មិនមែនជាបញ្ហាបាញ់ចូលទៅសមុទ្រទេ ប៉ុន្ដែបាញ់ឆ្លងកាត់ប្រទេសមួយ។ ការបាញ់ឆ្លងកាត់ប្រទេសមួយបាន ន័យថា ប្រសិនបើខ្ញុំចង់បាញ់ចូលតូក្យូ ឬក៏បាញ់ចូលក្នុងតំបន់ណាមួយនៃប្រទេសជប៉ុន ក៏អាចបាញ់បាន ព្រោះឆ្លងកាត់ប្រទេសទៅហើយ។ រឿងនេះកម្ពុជាបានយក គោលជំហរច្បាស់លាស់”។
សូមរំលឹកថា កូរ៉េខាងជើង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន ២គ្រាប់បន្ថែមទៀត ធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោស សហរដ្ឋអាមេរិក ជុំវិញការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងការធ្វើសមយុទ្ធយោធារួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល៕