ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ស្នើឱ្យតុលាការកំពូលអាមេរិក ធ្វើអន្តរាគមន៍ករណីវាយឆ្មក់របស់ FBI

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើសុំឱ្យតុលាការកំពូល ចូលរួមក្នុងជម្លោះរបស់លោក ជាមួយក្រសួងយុត្តិធម៌ (DOJ) លើឯកសារដែលបានចាត់ថ្នាក់ ដែលត្រូវបានដកចេញពី ផ្ទះរបស់លោក នៅរដ្ឋ Florida ដោយការិយាល័យ សហព័ន្ធស៊ើបអង្កេត (FBI) ។

នៅក្នុងឯកសារដែលមានប្រហែល ៣០០ទំព័រ ដែលបានដាក់ស្នើកាលពីថ្ងៃអង្គារ មេធាវីរបស់លោក ត្រាំ បានស្នើឱ្យតុលាការកំពូល នៅក្នុងប្រទេសរារាំងសេចក្តីសម្រេចមុន ដោយតុលាការជាន់ទាប ដែលអាចឱ្យ DOJ បន្តប្រើប្រាស់ឯកសារ ដែលបានចាត់ថ្នាក់នៅក្នុងសំណុំរឿង របស់នាយកដ្ឋានប្រឆាំងនឹង អតីតប្រធានាធិបតីរូបនេះ។

ករណីនេះនិយាយអំពីថាតើលោក ត្រាំ បានបំពានច្បាប់សហព័ន្ធទាក់ទងនឹង ការរក្សាទុកឯកសាររដ្ឋាភិបាលដែរឬទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចៅក្រមស្រុកអាមេរិក សម្រាប់ស្រុកភាគខាងត្បូងនៃរដ្ឋផ្លរីដា លោក Aileen Cannon ធ្លាប់បានកាត់សេចក្តីថា ភាគីទីបី ដែលមិនលំអៀង ត្រូវបានតែងតាំងឱ្យពិនិត្យឯកសាររាប់ពាន់ ដើម្បីកំណត់ថាតើឯកសារទាំងនោះ ស្ថិតនៅក្រោមយុត្តាធិការនៃ “សិទ្ធិមេធាវី-កូនក្ដី” ឬយ៉ាងណា។

ឯកសិទ្ធិមេធាវី-កូនក្តី គឺជាច្បាប់ដែលអនុញ្ញាតឱ្យ ទំនាក់ទំនងរវាងមេធាវី និងកូនក្តីរបស់ពួកគេមានលក្ខណៈឯកជន។ មេធាវីរបស់លោក ត្រាំ បន្តដាក់ស្លាកជម្លោះជាមួយ DOJ ថាជាការជជែកវែកញែក លើឯកសារសេតវិមាន។

មេធាវីរបស់អតីតប្រធានាធិបតីរូបនេះ បានសរសេរថា “នៅក្នុងអ្វីដែលស្នូលរបស់វា គឺជម្លោះការផ្ទុកឯកសារ ដែលបានរីករាលដាល ចេញពីការគ្រប់គ្រង រដ្ឋាភិបាលបានស្វែងរកដោយខុសឆ្គង ចំពោះការកាន់កាប់ ដោយប្រធានាធិបតីទី៤៥ នៃកំណត់ត្រាប្រធានាធិបតី និងផ្ទាល់ខ្លួនរបស់លោក” ។

លោក ត្រាំ បានចោទប្រកាន់ FBI ពីការចុះវាយឆ្មក់លើលំនៅដ្ឋាន Mar-a-Lago នៅ Palm Beach រដ្ឋ Florida សម្រាប់គោលបំណងនយោបាយ ខណៈដែលអះអាងថា ឯកសារមួយចំនួនត្រូវបានការពារ ដោយសិទ្ធិមេធាវី-កូនក្ដី និងសិទ្ធិប្រតិបត្តិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top