ព័ត៌មានអន្តរជាតិ

ADB នឹងផ្តល់ជំនួយដល់ប៉ាគីស្ថាន រហូតដល់២,៥ពាន់លាន ដុល្លារអាមេរិក ដើម្បីសង្គ្រោះដល់ អ្នករងគ្រោះ ដោយទឹកជំនន់

ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ជំនួយដល់ប៉ាគីស្ថាន រហូតដល់២,៥ពាន់លានដុល្លារអាមេរិក ក្នុងការជួយដល់គ្រោះទឹកជំនន់ ។ នេះបើតាមក្រសួងហិរញ្ញវត្ថុ របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃពុធ ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីនាយកប្រចាំប្រទេស របស់ធនាគារ ADB លោក Yong Ye បានជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ ប៉ាគីស្ថាន លោក Ishaq Dar ក្នុងទីក្រុង ឥស្លាម៉ាបាដ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ធនាគារ ADB នឹងផ្តល់ជំនួយសង្គ្រោះទឹកជំនន់ ដល់ប្រទេសប៉ាគីស្ថាន ក្នុងទំហំទឹកប្រាក់ពី២,៣ពាន់លានដុល្លារ ទៅ២,៥ពាន់លានដុល្លារ” ។

ទឹកប្រាក់នេះរួមមាន១,៥ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីជំនួយមួយរបស់ខ្លួន ដែលគេស្គាល់ថា គឺ Building Resilience with Active Countercyclical Expenditure (BRACE) ដែលនឹងត្រូវបានដាក់នៅចំពោះមុខ ក្រុមប្រឹក្សាភិបាល របស់ធនាគារ ADB សម្រាប់ការអនុម័តក្នុងអំឡុងខែតុលា។

គ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងខុសពីធម្មតា និងការរលាយទឹកកកបានលិចទឹកនៅក្នុងប្រទេសអាស៊ីខាងត្បូង ហើយបានសម្លាប់មនុស្ស ជិត១.៧០០នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ។

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ បានកែប្រែការអំពាវនាវផ្នែកមនុស្សធម៌របស់ខ្លួនចំនួន៥ដងសម្រាប់ប៉ាគីស្ថានមកត្រឹម៨១៦លានដុល្លារពី១៦០លានដុល្លារអាមេរិក ដោយសារការកើនឡើង នៃជំងឺដែលបណ្តាលមកពីទឹក និងការភ័យខ្លាច នៃការកើនឡើងនៃភាពអត់ឃ្លាន បានបង្កគ្រោះថ្នាក់ថ្មី ដែលអង្គការសុខភាពពិភពលោក ហៅកាត់ (WHO) ត្រូវបានគេហៅថា “គ្រោះមហន្តរាយទី២” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top