ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធថា មិនបានបញ្ជូនយន្ដហោះដ្រូន ទៅឲ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ ក្នុងសង្គ្រាម នៅអ៊ុយក្រែនឡើយ

តេអេរ៉ង៖ គេហទំព័រក្រសួងការបរទេស អ៊ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nasser Kanaani បានបដិសេធថា អ៊ីរ៉ង់ មិនបានប្រគល់យន្តហោះដ្រូន ទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ ក្នុងជម្លោះអ៊ុយក្រែន នោះឡើយ។

លោក Kanaani ត្រូវបានគេដកស្រង់សម្តីថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចាត់ទុកព័ត៌មាន ដែលបានចេញផ្សាយ ស្តីពីការបញ្ជូនយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែនថា គ្មានមូលដ្ឋាន ហើយមិនបញ្ជាក់លម្អិតនោះទេ” ។

លោកបានលើកឡើងថា “ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន យើងតែងតែបានប្រកាស ពីគោលនយោបាយ ជាគោលការណ៍ និងច្បាស់លាស់របស់យើង ស្តីពីភាពមិនលំអៀងសកម្ម និងការប្រឆាំងទៅនឹងសង្គ្រាម ដោយគូសបញ្ជាក់ពីភាពចាំបាច់នៃដំណោះស្រាយនយោបាយ ចំពោះជម្លោះរវាងភាគីទាំងពីរ និងជៀសឆ្ងាយពីអំពើហិង្សា” ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងនោះដែរ លោកបានសង្កត់ធ្ងន់ថា ក្រៅពីនេះ អ៊ីរ៉ង់តែងតែបញ្ជាក់ជាថ្មីអំពីតម្រូវការ ក្នុងការដោះស្រាយ ភាពខុសគ្នា ដោយសន្តិវិធីតាមរយៈការសន្ទនា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top