ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការតក់ស្លុត និងសោកស្ដាយបំផុត ចំពោះការបាញ់ប្រហារដ៏អាក្រក់ នៅក្នុងប្រទេសថៃ

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការតក់ស្លុត និងសោកស្ដាយ ចំពោះការបាញ់ប្រហារ ដ៏ធំដ៏គួរឱ្យរន្ធត់នៅឯកន្លែង ថែទាំកុមារមួយកន្លែង នៅភាគឦសានប្រទេសថៃ នេះបើតាមអ្នកនាំពាក្យរបស់លោក។

លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារនៃជនរងគ្រោះ និងសូមជូនពរអ្នករបួសឱ្យ ឆាប់ជាសះស្បើយ” ។

អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយក្នុងខេត្ត Nong Bua Lamphu ភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើនជាកុមារ។

ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ ​អ្នក​វាយ​ប្រហារ​នោះ​ថា ជា​អតីត​មន្ត្រី​ប៉ូលិស​ដែល​បាន ​រាយការណ៍​ថា​ បាន​សម្លាប់​ខ្លួន​នៅ​ពេល​ក្រោយបើកការបាញ់ប្រហារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​ បាន​ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង ​ពី​ភ្នាក់ងារ​នានា​របស់​ អង្គការសហប្រជាជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា ខ្លួនថ្កោលទោសគ្រប់ទម្រង់ នៃអំពើហឹង្សាលើកុមារ ដោយសង្កត់ធ្ងន់ថា “កុមារគួរតែមិនមែនជាគោលដៅ ឬសាក្សីនៃអំពើហិង្សានៅគ្រប់ទីកន្លែង គ្រប់ពេលវេលា” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “អង្គការយូនីសេហ្វ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងការអាណិតអាសូរ យ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រួសារដែលបាន បាត់បង់មនុស្សជាទីស្រលាញ់ និងអ្នករបួស។ យើងចូលរួមជាមួយប្រជាជនទាំងអស់ នៅក្នុងប្រទេសថៃ ក្នុងការកាន់ទុក្ខ ហើយសង្ឃឹមថា អ្នករងគ្រោះទទួលបានការគាំទ្រសមស្រប និងទាន់ពេលវេលា” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top