ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត មានភស្តុតាង ដើម្បីគាំទ្រការសង្ស័យ នៃការបំផ្លិចបំផ្លាញបំពង់ឧស្ម័ន Nord Stream

ស្ដុកហូម៖ សេវាសន្តិសុខរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរស៊ុយអែតឥឡូវនេះមានភស្តុតាង ដើម្បីគាំទ្រការសង្ស័យ ដែលថាបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានបំផ្លិចបំផ្លាញ។

សេវាសន្តិសុខបានឲ្យដឹងថា “ការរឹបអូសមួយចំនួនត្រូវបានធ្វើឡើង ក្នុងអំឡុងពេលស៊ើបអង្កេតនៅនឹងកន្លែង”។ “ការស៊ើបអង្កេតបន្តនឹងបង្ហាញថា តើនរណាម្នាក់អាចត្រូវបានសង្ស័យ ហើយក្រោយមកត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មនេះ”។

កាលពីដើមសប្តាហ៍នេះ ឆ្មាំឆ្នេរសមុទ្រស៊ុយអែត បានបិទតំបន់ជុំវិញការលេចធ្លាយចំនួនពីរ ក្នុងចំណោមការលេចធ្លាយទាំង៤ទីតាំង មុនពេលដាក់ពង្រាយនាវាកងទ័ពជើងទឹក ដែលបំពាក់ដោយបច្ចេកវិទ្យាសមស្រប ដើម្បីធ្វើការស្ទង់មតិក្រោមទឹក។

នាវាមួយផ្សេងទៀត ដែលមានសមត្ថភាពស្រដៀងគ្នា ក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នេះផងដែរ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ទោះយ៉ាងណាក៏ដោយ មេដឹកនាំស៊ើបអង្កេត Mats Ljungqvist មកពីអាជ្ញាធរអយ្យការស៊ុយអែត បានឲ្យដឹងថា លោកមិនអាចផ្តល់ព័ត៌មាន អ្វីបន្ថែមទៀតបាននោះទេ។

លោកបានអះអាងថា “យើងអាចបញ្ជាក់បានថា មានការបំផ្ទុះនៅបំពង់ Nord Stream 1 និង 2 នៅក្នុងតំបន់សេដ្ឋកិច្ចស៊ុយអែត ដែលបានបណ្តាលឱ្យខូចខាត យ៉ាងទូលំទូលាយដល់បំពង់បង្ហូរឧស្ម័ន។ ការស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្ម បានពង្រឹងការសង្ស័យនៃការបំផ្លិចបំផ្លាញសរុប។ ការរឹបអូសបានធ្វើឡើងនៅកន្លែងកើតហេតុ។ ហើយ​ឥឡូវ​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top