ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទាមទារវិធានការសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់លោកខាងលិច ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំង។
លោកពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចតាមរយៈខ្សែវីដេអូថា “វាមានសារៈសំខាន់ណាស់ក្នុងការយល់ថា សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី នឹងកើនឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ពូទិន បានលើកឡើងថា “ក្នុងន័យនេះ ចាំបាច់ត្រូវរៀបចំផែនការសកម្មភាព ប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាព សម្រាប់ទាំងរយៈពេលខ្លី និងមធ្យម ហើយអនុវត្តឱ្យជាប់លាប់។
លោកពូទីន បានស្នើឱ្យរដ្ឋាភិបាល និងធនាគារកណ្តាល ធានាឱ្យមានការងើបឡើងវិញ ប្រកបដោយនិរន្តរភាព នៃសូចនាករម៉ាក្រូសេដ្ឋកិច្ច។
លោកបានកត់សម្គាល់ថា វិស័យដែលផ្តោតលើការនាំចេញ នៅតែស្ថិតក្រោមសម្ពាធ ជាចម្បងដែលផ្តោតលើប្រទេសអ៊ឺរ៉ុប ហើយវាត្រូវការពេលវេលា សម្រាប់អ្នកនាំចេញរបស់រុស្ស៊ី ដើម្បីប្តូរទៅកាន់ទីផ្សារផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ លោកពូទីន បានចង្អុលបង្ហាញ ពីនិន្នាការវិជ្ជមានមួយចំនួន ដោយសារផលិតកម្មឧស្សាហកម្ម បានត្រលប់ទៅកម្រិតនៃឆ្នាំមុន។ លោកបានបន្តថា ឧស្សាហកម្មដែលរងគ្រោះខ្លាំងបំផុត ដូចជាឧស្សាហកម្មរថយន្ត និងលោហធាតុកំពុងស្ទុះងើបឡើងវិញជាបណ្តើរៗ ហើយវិស័យកសិកម្ម ក៏បង្ហាញពីសក្ដានុពលល្អផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា