តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានឲ្យដឹងថា ការដឹកជញ្ជូន និងពាណិជ្ជកម្មប្រេង និងឧស្ម័នជាមួយរុស្ស៊ី នឹងធ្វើឱ្យអ៊ីរ៉ង់ ក្លាយជាមជ្ឈមណ្ឌលថាមពល ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោក Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅ វេទិកាសេដ្ឋកិច្ចកាសព្យែន ដែលកំពុងដំណើរការដែលធ្វើឡើង នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ។
លោកបានបន្តថា ក្នុងនាមជាប្រទេសនាំចេញ ឧស្ម័នពីរ អ៊ីរ៉ង់ និងរុស្ស៊ី មានកិច្ចសហប្រតិបត្តិការច្រើន ក្នុងវិស័យដោះដូរថាមពល។ រដ្ឋមន្ត្រីអ៊ីរ៉ង់ បានលើកឡើងថា ក្នុងអំឡុងដំណើរទស្សនកិច្ច បច្ចុប្បន្នរបស់លោក ទៅកាន់ប្រទេសរុស្ស៊ី ការយោគយល់ថ្មីនឹងត្រូវបានឈានដល់ សម្រាប់ការបង្កើតគ្រឿងបរិក្ខារ និងផលប្រយោជន៍រួមគ្នានៃតំបន់ឧស្ម័ន។
លោកបានលើកឡើងពីកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនរុស្ស៊ី Gazprom និងបានប្រកាសកិច្ចព្រមព្រៀង វិនិយោគរួមគ្នា សម្រាប់ការផលិតឧស្ម័នធម្មជាតិរាវ (LNG) និងបច្ចេកវិទ្យាពាក់ព័ន្ធសម្រាប់កន្លែង ឧស្ម័ន នៅក្នុងប្រទេសអ៊ីរ៉ង់ ។
លោក Owji បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងរុស្ស៊ី នៅតំបន់ Pars ខាងជើង និងខាងត្បូងរបស់អ៊ីរ៉ង់ ព្រមទាំងតំបន់ឧស្ម័ន Kish ដោយលើកឡើងថា ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ លើការនាំចេញឧស្ម័ន ទៅកាន់ប្រទេសប៉ាគីស្ថាន និងអូម៉ង់ និងលើការសាងសង់បំពង់បង្ហូរប្រេងរួមគ្នា ទៅកាន់ប្រទេសទាំងនេះ។
ដោយសំដៅលើការដោះដូរ ផលិតផលប្រេង ដូចជាប្រេងសាំងនៅតំបន់ សមុទ្រកាសព្យែន និងការផ្លាស់ប្តូរទំនិញមិនមែនប្រេង រដ្ឋមន្ត្រីអ៊ីរ៉ង់ បានកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ និងមូស្គូ អាចផ្លាស់ប្តូរបាន ១០ លានតោននៃផលិតផលប្រេង និងមិនមែនប្រេង សម្រាប់គ្រឿងបរិក្ខារដូចជានាវា និងកំពង់ផែត្រូវបានបង្កើតឡើង៕
ប្រែសម្រួល ឈូក បូរ៉ា