វីយែន៖ រដ្ឋមន្ត្រីថាមពល នៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានច្រានចោលការចោទប្រកាន់ថា ពួកគេកំពុង “បង្កគ្រោះថ្នាក់ដល់ទីផ្សារ ថាមពលពិភពលោក” និងបណ្តាលឱ្យ “ភាពក្រីក្រថាមពលនៅលោកខាងលិច” ជាមួយនឹងការកាត់បន្ថយ ផលិតកម្មប្រេងចុងក្រោយ របស់ពួកគេ។
OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃពុធ ហើយបានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា ខណៈដែលតម្លៃប្រេងថ្មីៗនេះបានធ្លាក់ចុះដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។ ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោកក្នុងឆ្នាំនេះ។
ខណៈពេលដែល OPEC + បានឲ្យដឹងថាការសម្រេចចិត្ត “សកម្ម និងទុកជាមុន” របស់ខ្លួនត្រូវបានធ្វើឡើង “ដោយមើលឃើញពីភាពមិនប្រាកដប្រជាដែលនៅជុំវិញទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារប្រេងពិភពលោក” មន្ត្រីសហរដ្ឋអាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន “ខកចិត្តចំពោះការសម្រេចចិត្តខ្លីៗរបស់អង្គការ OPEC+” នៅពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។
នៅក្នុងការផ្លាស់ប្តូរដ៏ក្តៅគគុកជាមួយអ្នកសារព័ត៌មានលោកខាងលិចនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធបន្ទាប់ពីកិច្ចប្រជុំនោះ មន្ត្រីអង្គការ OPEC និងរដ្ឋមន្ត្រីថាមពលបានការពារការសម្រេចចិត្តរបស់អង្គការ OPEC+ ហើយបានទទូចថា គួរតែយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហានៃភាពក្រីក្រថាមពលនៅក្នុងប្រទេស ដែលមិនទាន់មានការអភិវឌ្ឍន៍នៅអាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង ជាជាងនៅលោកខាងលិច។
ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន CNBC ថាការកាត់បន្ថយផលិតកម្ម OPEC+ នឹងបង្កឱ្យមាន “ភាពក្រីក្រផ្នែកថាមពល” និង “ភាពចលាចលសង្គម” នៅលោកខាងលិច រដ្ឋមន្ត្រីថាមពល អារ៉ាប៊ីសាអូឌីត Abdulaziz bin Salman Al Saud បានលើកឡើងថា បញ្ហានៃភាពក្រីក្រថាមពលអនុវត្ត “ដំបូង និងសំខាន់បំផុត ចំពោះប្រទេសនានា។ នោះពិតជារងទុក្ខដោយសារកង្វះមធ្យោបាយ” ដោយសំដៅទៅលើប្រទេសនៅទ្វីបអាហ្រ្វិក និងអាស៊ី ដែលមនុស្សរាប់កោដិនាក់រងទុក្ខដោយសារកង្វះលទ្ធភាពប្រើប្រាស់ថាមពល៕
ប្រែសម្រួល ឈូក បូរ៉ា